ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា គ្រោង​ប្រកួត​មិត្តភាព​អន្តរជាតិ ចំនួន​២ប្រកួត​​នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០២២ ខាង​មុខ ដើម្បី​ត្រៀម​ខ្លួន​ពង្រឹង​បច្ចេកទេស​ក្រុម មុន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​ខាង​មុខ។

លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថ្មីៗនេះ ថា​​ក្រៅ​ពី​ប្រកួត​មិត្តភាព​អន្តរជាតិ ជាមួយ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​សិង្ហបុរី ម្ចាស់​ផ្ទះ​កម្ពុជា កំពុង​តែ​អញ្ញើញ​ក្រុម​មក​ពី​គុយបា ដើម្បី​ប្រកួត​មិត្តភាព​ផង​ដែរ។

«តា​ម​រយៈ​លោក​ជំទាវ​ Liurka Rodríguez Barrios ឯក​អគ្គរដ្ឋ​ទូត​គុយបា យើង​កំពុង​ធ្វើ​កិច្ចប្រតិបត្តិការ​ឱ្យ​មាន​ការ​​រៀបចំ​ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​មក​ពី​គុយបា ជាមួយ​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ផង​ដែរ នៅ​អំឡុង​ខែ​តុលា ខាង​មុខ ពោល​គឺ​ស្រប​ពេល​នឹង​ការ​រៀបចំ​ពានរង្វាន់​បាល់ទះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​ សែន ឆ្នាំ​២០២២»។ លោក​អគ្គលេខាធិការ​បន្ថែម។

អត្ថបទពាក់ព័ន្ធ៖បាល់ទះកម្ពុជាទាំងក្នុងសាលនិងឆ្នេរខ្សាច់ ប្រកាសនាំចូលគ្រូគុយបា រហូតដល់ចប់ស៊ីហ្គេម២០២៣

នេះ​ជា​សកម្មភាព​ដំបូង​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លើ​ឆាក​អន្តរជាតិ ក្រោយ​ពី​ដណ្តើម​បាន​មេដាយ​សំរឹទ្ធិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២២ កន្លង​ទៅ។ បើ​តាម​លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក៏​គ្រោង​ចេញ​ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន មុន​ស៊ីហ្គេម​ឆ្នាំ​២០២៣ មក​ដល់៕

Share.