នៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ស្អែកនេះរវាងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ទល់នឹង ក្រុមជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំ វេលាម៉ោង៧:០០នាទីយប់ នៅពហុកីឡដ្ឋានមរតកតេជោ។

លោក Ryu Hiros គ្រូបង្គោល U23 កម្ពុជាបានថ្លែងថា៖«យើងគិតថា ការប្រកួតនេះគឺជាឱកាសដ៏ល្អ ដើម្បីប្រកួតប្រជែងថា តើយើងធ្វើបានកម្រិតណាទល់នឹងក្រុមជប៉ុន ដែលស្ថិតនៅជំនាន់ដូចយើង។ នេះក៏ជាការត្រៀមដ៏ល្អសម្រាប់ការប្រកួតបន្ទាប់ទៀត ពីការត្រៀមបានកម្រិតណា»។

គ្រូបង្វឹកវ័យ ៦៦ឆ្នាំបានសង្កត់ធ្ងន់ថា៖«ខ្ញុំចង់និយាយពីក្រុមជប៉ុនលើកនេះ កីឡាករទាំងអស់មកពីក្រុមសាកលវិទ្យាល័យ ប៉ុន្តែក្រុមបាល់ទាត់សាកលវិទ្យាល័យជប៉ុនគឺមានកម្រិតខ្ពស់ ហើយកីឡាករមួយចំនួនធំកំពុងត្រៀមខ្លួនចូលក្រុមនៃលីគបាល់ទាត់ជប៉ុន ដូច្នេះក្នុងក្រុមទាំងមូលយើងត្រូវតែផ្លាស់ប្ដូរការគិតរបស់យើង។ វានឹងមិនមែនជាការប្រកួតងាយស្រួលឡើយដូចដែលប្រជាជនកម្ពុជារំពឹងនោះទេ។ អ៊ីចឹងយើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព»។

ជាចុងក្រោយលោកក៏បានបន្ថែមឲ្យដឹងទៀតពីការត្រៀមខ្លួនរបស់ក្រុមគឺធ្វើបានល្អ ប៉ុន្តែមិនមានអារម្មណ៍ថាជាការប្រកួតដ៏ងាយស្រួលឡើយ ជាពិសេសក្រុម U23 ជប៉ុន ទើបតែលេងចាញ់ ក្រុមកូរ៉េ៕

Share.