ជនសង្ស័យចំនួន ២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនខណៈពេលដែលពួកគេនេសាទដោយប្រើប្រាស់ឧបករណ៍ឆក់ត្រីលើផ្ទៃបឹងទន្លេសាបក្នុងភូមិរាំងទិលឃុំរាំងទិលស្រុកកណ្ដៀងខេត្តពោធិ៍សាត់វេលាម៉ោង 10 និង 45 នាទីព្រឹកថ្ងៃទី 6 ខែមិថុនាឆ្នាំ 2021នេះ។

លោកប៊ុនស៊ីអធិការនគរបាលស្រុកកណ្ដៀងឲ្យដឹងថាជនសង្ស័យទី 1 ឈ្មោះរ៉ាម៉ៅ ភេទប្រុសអាយុ 44 ឆ្នាំនិងទី 2 ឈ្មោះអនច័ន្ទ ភេទប្រុសអាយុ 24 ឆ្នាំអ្នកទាំងពីររស់នៅក្នុងភូមិឃុំខាងលើ។

លោកបញ្ជាក់ថាជនសង្ស័យទាំងពីរនាក់នេះត្រូវបានកម្លាំងរបស់លោកសហការចុះល្បាតនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រទះឃើញកំពុងធ្វើសកម្មភាពឆក់ត្រីល្មើសច្បាប់ហើយបានបង្ក្រាបចាប់ខ្លួននិងដកហូតវត្ថុតាងមួយចំនួនក្នុងនោះអាគុយ ៤០អំពែចំនួន ២ ក្បាលឆក់ពីរគ្រឿងនិងដងឆក់ចំនួនពីរគូ។

ក្រោយការបង្ក្រាបនោះ ជនសង្ស័យទាំងពីររួមនឹងវត្ថុតាងទាំងនោះត្រូវបានបញ្ជូនយកមក   ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលរាំងទិលដើម្បីធ្វើការអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ល្មើសច្បាប់តទៅទៀត។ក្នុងករណីមិនរាងចាលនឹងត្រូវប្រឈមមុខចំពោះច្បាប់ដោយឡែកវត្ថុតាងទាំងអស់រក្សាទុកនៅប៉ុស្តិ៍នគរបាល៕

អត្ថបទ៖ភ្នាក់ងារពោធិ៍សាត់

Share.