កាតហ្គេម​ ឬ​ សន្លឹក​បៀរ​ គឺជា​ឧបករណ៍លេខ​គណិត​ក្នុង​ពេល​បច្ចុប្បន្ន​ ដែល​​គ្រាន់​តែ​ជា ​ល្បែង​ដែល​ទទួល​បាន​ការ​ពេញ​និយម​ក្នុង​ចំណោម​អ្នក​ចូល​ចិត្ត​ Party និង​អ្នក​ចូល​ចិត្ត​លេង​ល្បែង​ជា​ក្រុម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​ល្បែង​ដែល​មាន​ការ​និយម​ទូទាំង​ពិភពលោក​។ ប៉ុន្តែ​នៅពេល​សួរ​ថា​ ដើម​កំណើត​របស់​សន្លឹក​បៀរ ​ដែល​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ​​នៅ​​ក្នុង​​តំបន់​​អឺរ៉ុប​​នោះ​ ​អ្នក​​ជំនាញ​​ផ្នែក​​ប្រវត្តិសាស្ត្រ​​មួយ​​ភាគ​​ធំ​​សម្លឹង​​ឃើញ​​ថា​​​ វា​​គឺ​​ជា​​វត្ថុ​​មួយ​​ដែល​​មក​​ពី​​ប្រទេស​​ចិន​​។​

នៅ​ពេល​​និយាយ​​ពី​​បៀរ​​​ ​ប្រាកដ​​ជា​​មិន​​អាច​​មើល​​រំលង​​វត្ថុធាតុ​ដើម​ដ៏​​សំខាន់​​របស់​បៀរ​​បុរាណ​ ​នោះ​​គឺ​ត្រូវ​​និយាយ​​ពី​​​ក្រដាស​ជា​​មុន​​សិន​​​ ​ដើម​​កំណើត​​របស់​​ក្រដាស​​នៅ​ក្នុង​ន័យ​​ចំណេះ​ដឹង​​មនុស្ស​​ទូទៅ​​ស្គាល់​​​តាម​រយៈ​​ពាក្យ​​ថា​​ ​Paper​ ដែល​​កំលាយ​មក​ពីពាក្យ​ Papirus លោក​ Robert Temple សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​បាន​អត្ថាធិប្បាយ​ពន្យល់​ថា​ Papirus ដែល​មាន​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​យូរជាង ​៣០០០មុន​គ្រឹស្ត​រាជ​ ដោយ​យក​សំបក​ឈើ​ផ្នែក​ខាង​ក្នុង​របស់​ប្រភេទ​ឈើ​ Papirus មក​ធ្វើ​ ប៉ុន្តែ​វាមាន​ភាព​ខុស​ប្លែក​គ្នា​ពី​ក្រដាស​ ដែល​ជនជាតិ​ចិន​ បាន​ស្វែង​រក​ឃើញ​កាល​ពី​២០០​ឆ្នាំ​មុន​គ្រឹស្តរាជ​យ៉ាង​យូរ​។

ក្រដាស​ កាល​ពី​បុរាណ​មិន​បាន​ធ្វើ​ចេញ​ពី​សរសៃ​ឈើ​ដូច​ក្រដាស​សម័យ​បច្ចុប្បន្ន​នោះ​ឡើយ​ ប៉ុន្តែ​ក្រដាសបុរាណ​កំទេច​ដុំ​ឈើ​មួយ​ជាន់​ៗ​ដែល​ជា​សរសៃ​ចង​បណ្ដែត​តាម​ទឺក​ ហើយ​ចាក់​ចូល​ទៅ​ក្នុង​ពុម្ព​ រួច​ច្រោះ​ទឹក​ចេញ​ នៅ​សល់​តែ​កំទេច​ឈើ​ ហើយ​ឆ្កឹះ​យក​ចេញ​ពី​ពុម្ព​ រួច​យក​ទៅ​ហាល​ឱ្យ​ស្ងួត​ ក្រដាស​ដំបូង​ក្នុង​ប្រទេស​អឺរ៉ុប​មិន​បាន​ធ្វើ​មក​ពី​សរសៃ​ឈើ​នោះ​ទេ​ តែ​ធ្វើ​មក​ពី​កំទេច​ក្រណាត់​កន្ទ្រប​លីនិន។

ក្រដាស​ដែល​គេ​ជឿថា​ មាន​អាយុកាល​ចាស់​ជាង​គេ​បំផុត​ក្នុង​លោក​ ត្រូវ​បាន​រក​ឃើញ​នៅ​ឆ្នាំ​១៩៥៧​ ក្នុង​រណ្ដៅ​សព​ក្បែរ​ក្រុង​​ស៊ីអាន​ ស្រុក​សានស៊ី​ ប្រទេសចិន​ លក្ខណៈ​ក្រដាស​របស់​ក្រដាស​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នេះ​ ជា​ផ្ទាំង​ ៤​ជ្រុង​ មាន​ប្រវែង​មួយ​ផ្នែក​ៗ​ ១០​សង់​ទីម៉ែត្រ អាច​មាន​អាយុកាល​ស្ថិតក្នុង​ឆ្នាំ​១៤០ រហូត​៨៧ មុន​គ្រឹស្តរាជ​។ ក្រដាស​មួយ​ប្រភេទ​នេះ​ធ្វើ​មក​​ពី​​សរសៃ​ក្រចៅ​ដែល​មក​ហែក​និង​ដំ​ មាន​កំរាស់ក្រាស់ ហើយ​គ្រើម​ខ្លាំង​ ប្រើ​សរសេរ​​មិន​សូវ​ល្អ​នោះ​ទេ​។

ចំណែក​ក្រដាស​ដែល​មាន​តួ​អក្សរ គិត​ថា​អាច​នឹង​ប្រើ​សម្រាប់​កា​រសរសេរ​ផែនទី​ចំណាស់​ជាង​គេ​បំផុត​ក្នុង​លោក​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ឆ្នាំ​១៩៤២​ ស្ថិត​នៅ​ក្រោម​ប៉ម​ការពារ​នបុរាណ​ដែល​ត្រូវ​ទាហាន​ចិន​បោះបង់​ចោល​ ក្នុង​ដំណាក់​កាល​ដែល​កុលសម្ព័ន្ធ​ស៊ីចាង​ បង្ក​ទ័ព​ក្បត់​។ ប៉ម​ការ​ពារ​នេះ​ស្ថិត​នៅ​ក្បែរ​ Chu Yen ក្រដាស​ដែល​រក​ឃើញ​នេះ​មាន​អក្សរ​ដែល​អាន​ដាច់​ចំនួន ២០​ តួ​។

នៅ​ពេល​មាន​ក្រដាស​ហើយ មិន​ពិបាក​នោះ​ទេ​សម្រាប់​ការ​ផលិត​របស់​ប្រើប្រាស់​ផ្សេង​ៗ​ដូច​ជា​ក្រដាស​បៀរ​ជា​ដើម​នោះ។ Robert  Temple បាន​អធិប្បាយ​ដែរ​ថា​ «ជនជាតិ​ចិន​ ជា​មនុស្ស​ក្រុម​ដំបូង​ដែល​រក​ឃើញ​បៀរ​ធ្វើ​ពី​ក្រដាស​ ដែល​មាន​ប្រើ​ក្នុង​សតវត្សរ៍​ទី​៩​ យ៉ាង​យូរ​។ យ៉ាងណា​មិញ​ ភស្តុតាង​និយាយ​ពី​ល្បែង​បៀរ​ដែល​មាន​បង្ហាញ​នៅ​ក្នុង​សៀវភៅ​ដំបូង​ដែល​មាន​ការ​និយាយ​ដល់​ការ​លេង​បៀរ​នោះ​បាន​បាត់​បង់​សាបសូន្យ​ទៅ​ហើយ​ ដោយ​ឡែក​តាម​ទិន្នន័យ​ដែល​កត់ត្រា​ដោយ​ បណ្ឌិត​ ឪយ៉ាងស៊ីវ​ (ឆ្នាំ​1007-1072) បាន​លើក​ឡើង​ថា​ ការ​ប្រើ​បៀរ​ក្រដាស​ មួយ​ផ្នែក​កើត​ពី​ការ​ផ្លាស់​ប្ដូរ​ពី​សៀវភៅ​បែប​រមូល​ មក​ជា​ផែន​ក្រដាស​និង​មុខ​ក្រដាស​។

សម្រាប់​ការ​បោះពុម្ព​បៀរក្រដាស​ គឺ​បោះ​តាម​ពុម្ព​ឈើ​ដែល​ឆ្លាក់​ បៀរ​បុរាណ​ដែល​បន្សល់​ទុក​ឱ្យ​បាន​ឃើញ​មក​ដល់​បច្ចុប្បន្ននេះ​រមែង​លាបពណ៌​ដោយ​ដៃ​ ចំណែក​ឯ​ក្បូរក្បាច់​ផ្នែក​ខាង​ក្រោយ​បៀរ​ ក៏​ជា​ស្នាដៃ​គូរ​រូបដោយ​វិចិត្រករ​ល្បី​ឈ្មោះ​ មាន​ការ​គូរ​ជា​រូប​ភាព​ផ្សេងៗ​ ក្នុង​ប្រលោម​លោក​ដូច​ជា​ «១០៨ អ្នក​ក្លាហាន​ភ្នំលៀនសាន​» ក្រដាស​របស់​បៀរ​ក៏​ធ្វើ​ពី​ក្រដាស​ក្រាស​ ជាប់​ធុន​ តែ​ធ្វើ​ឱ្យ​មាន​ពិបាក​ក្នុង​ពេល​សាប់​បៀរ​ម្ដង​ៗ​

ជនជាតិ​ចិន​ឱ្យ​និយម​ន័យ​ល្បែង​បៀរ​ថា​ជា​វត្ថុ​ដែល​ប្រើប្រាស់​សម្រាប់​សម្លាប់​ពេលវេលា​ លេង​បានគ្រប់​កន្លែង​ គ្រប់​ទិសទៅ​ ងាយ​យក​តាម​ខ្លួន​ អាច​លេង​ជា​ក្រុម​តូច​ៗ​ មិន​ចាំ​បាច់​មាន​គ្រឿង​ឬ​ឧបករណ៍​អ្វី​ច្រើន​ លេង​ក៏​មិន​ពិបាក​ដូច​លេង​អុក​។ ប៉ុន្តែ​ការ​និយម​លេង​បៀរ​ដែល​កាន់​តែ​ច្រើន​ឡើង​ៗ​ ធ្វើ​ឱ្យ​អ្នក​គ្រប់​គ្រង​ចាំ​បាច់​ត្រូវ​ចេញ​ច្បាប់​ក្នុង​អំឡុង​សតវត្សរ៍​ទី​១៨ ហាម​មន្ត្រី​រាជការ​លេង​ល្បែង​ភ្នាល់​ ហា​មមនុស្ស​ម្នាក់​ផលិត​ឬ​ចែក​ចាយ​បៀរ​លើស​ពី​១០០០​សន្លឹក​។

អ្នក​ជំនាញ​បុរាណវិទ្យា​ដដែល​បាន​អធិប្បាយ​រឿង​នេះ​ទៀត​ថា​ បៀរ​បាន​សាយភាយ​ពី​ប្រទេសចិន​ទៅ​​កាន់​ប្រទេស​នៅ​តំបន់​អឺរ៉ុប​២​របៀប​ បើ​មិន​តាម​ជនជាតិ​អារ៉ាប់​ ក៏​តាម​រយៈ​អ្នក​ទេសចរណ៍​ដែល​ធ្វើ​ដំណើរ​មក​ចិន​ដូច​ជា​ ម៉ាកូ ប៉ូលូ​ ដែល​ធ្វើ​ដំណើរ​ទៅ​មក​រវាង​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ក្នុង​រាជា​សម័យ​ម៉ុងហ្គោល​។ សន្លឹក​បៀរ​ដែល​មាន​អាយុ​ចាស់​ជាង​​គេ​​បំផុត​​ស្ថិត​​នៅ​​អាល្លឺម៉ង់ ​និង​​អេស្ប៉ាញ មាន​​អាយុ​​១៣៧៧​​ឆ្នាំ​​។

ជនជាតិ​អារ៉ាប់​ ចាប់​ផ្ដើម​ចេះ​វិធី​ផលិតក្រដាស​ពី​អ្នកទោស​ចិន​ដែល​ត្រូវ​ចាប់​បាន​ជា​ឈ្លើយ​សឹក រួចហើយ​ពួក​គេ​បាន​រក្សា​ក្រដាស​ជា​សំងាត់​ ហើយលក់​ក្រដាស​ឱ្យ​ពួក​អឺរ៉ុបរហូត​រក​ចំណូលបាន​ច្រើនមហាសាល​។ ពួក​អ៊ឺរ៉ុប​ទទួល​បាន​ក្រដាស​ពីពួក​អារ៉ាប់​យក​មក​ប្រើប្រាស់​ចាប់​ពី​សវត្សរ៍ទី​៨ ហើយ​ក្រោយ​ពី​សតវត្សរ៍ទី​១១ ក្រដាស​ចាប់​ផ្ដើម​ត្រូវ​បាន​គេ​ប្រើប្រាស់​ជំនួស​ Papirus បន្តិចម្ដងៗ​ នៅ​អ៊ឺរ៉ុប​ការ​ផលិតក្រដាស​ដំបូង​ចាប់​ផ្ដើម​នៅ​សតវត្សរ៍ទី​១២៕

Share.