ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA លោក Aleksander Ceferin បានបញ្ជាក់ច្បាស់ថាក្រុមជម្រើសជាតិ រុស្ស៊ី ត្រូវបានដកឈ្មោះពីការប្រកួតជម្រុះព្រឹត្តិការណ៍ Euro 2024 ជាផ្លូវការដែលរៀបចំនៅអាល្លឺម៉ង់ឡើយ បន្ទាប់ពី​ការ​លុកលុយ​លើ​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ជម្លោះ​បានចាប់ផ្តើម​នៅក្នុង​ខែកុម្ភៈ​។​

​ការចាប់​ឆ្នោត​វគ្គ​ជម្រុះ​សម្រាប់ Euro 2024 ដែល​អាល្លឺម៉ង់​នឹង​ធ្វើជា​ម្ចាស់ផ្ទះ នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង Frankfurt នៅ​ថ្ងៃទី​០៩ ខែតុលា ខាងមុខ​។ ខណ:​ដែល​ប្រទេស​រុស្ស៊ី​បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​បម្រាម​នេះ​ទៅកាន់​តុលាការ​អាជ្ញាកណ្តាល​សម្រាប់​កីឡា (CAS) ប៉ុន្តែ​ការប្ដឹង​ទាំងនោះ​ត្រូវបាន​ច្រានចោល​នៅក្នុង​ខែកក្កដា​។​

ស្របពេលក្រុមជម្រើសជាតិរុស្សុីឈុតនារី ក៏ត្រូវបានហាមមិនអនុញ្ញាតឱ្យចូលរួមប្រកួតពានរង្វាន់ Euro Women’s Championship ២០២២ ដែលប្រទេសអង់គ្លេសទើបលើកពានដូចគ្នា បន្ទាប់ពីលោកប្រធានាធិបតី Vladimir Putin បើកការឈ្លានពានចូលទៅកាន់ប្រទេស​អ៊ុយក្រែន។

គួរឱ្យដឹងថាក្រៅពីជម្រើសជាតិរុស្សុី ក្លិបបាល់ទាត់ដែលប្រកបអាជីពនៅក្នុងប្រទេសរុស្សី ក៏មិនមានសិទ្ធិចូលលេងពានរង្វាន់ដែល UEFA រៀបចំផ្សេងទៀតដូចជា៖ UEFA Champions League, UEFA Europa League និង UEFA Conference League លើសពីនេះទៅទៀត UEFA ក៏​បានបញ្ចប់​កិច្ចព្រមព្រៀង​ដៃគូឧបត្ថម្ភ​ពី​ក្រុមហ៊ុន Gazprom ដែលជា​ក្រុមហ៊ុន​ថាមពល​របស់​រុស្ស៊ី​ផងដែរ​។

បច្ចុប្បន្នសហព័ន្ធ​កីឡាបាល់ទាត់​រុស្ស៊ី កំពុង​ពិចារណា​ចាក​ចេញពី​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប (ដែលហៅកាត់ថា UEFA) និង​ទៅចូលរួម​ជាមួយ​សហព័ន្ធ​អាស៊ី (ដែលហៅកាត់ថា AFC) វិញ​បន្ទាប់ពី​ក្លិប និង​ក្រុម​ជម្រើសជាតិ​របស់ខ្លួន​ត្រូវបាន​ហាមឃាត់ពេញតំបន់អឺរ៉ុប៕

Share.