ខ្សែប្រយុទ្ធចាស់វស្សា Cristiano Ronaldo សមាជិករបស់ក្លិបបាល់ទាត់បិសាចក្រហម Manchester United និងក្រុមជម្រើសជាតិព័រទុយហ្គាល់ បានកំណត់គោលដៅមុនចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ ក្រោយប្រឡុកក្នុងវិស័យបាល់ទាត់អស់រយ:ពេល២០ឆ្នាំគត់។

គោលបំណងសំខាន់របស់ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំរូបនេះគឺលេងពានរង្វាន់ Euro 2024 ដែល​អាល្លឺម៉ង់​នឹង​ធ្វើជា​ម្ចាស់ផ្ទះ ក្រោយចប់ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតារចុងឆ្នាំនេះ។

Cristiano Ronaldo បានថ្លែងដូច្នេះថា៖«ដំណើររបស់ខ្ញុំមិនទាន់បញ្ចប់ទេ ពោលគឺនៅវែងឆ្ងាយណាស់ ខ្ញុំ​គិត​ថា​ឥឡូវ​នេះ​ ខ្ញុំ​នៅ​តែ​ត្រូវ​បាន​ជ្រើស​រើស​លេង​ក្នុង​ចំណោម​កីឡាករ​ក្មេងៗ​ជា​ច្រើន​ដទៃ​ទៀត​ ដូចនេះខ្ញុំចង់ក្លាយជាផ្នែកមួយនៅព្រឹត្តិការណ៍ World Cup 2022​ ក៏​ដូច​ជា​ប្រកួត​ Euro 2024 ថែម​ទៀត​ផង»។

បច្ចុប្បន្នក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ មានតែ Ronaldo​ ប៉ុណ្ណោះដែលអាចរកគ្រាប់បាល់បានច្រើនជាងគេ ពោលគឺបង្ហាញខ្លួនបាន ១៨៩ប្រកួត​ ស៊ុតបញ្ចូលទីបាន ១១៧គ្រាប់ ជាប់ជាកីឡាករឈ្នះពាន Best National Scorer៕

Share.