ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿងកំពុងជិះឆ្លងផ្លូវ ត្រូវបានម៉ូតូX-RAYបើកបុកបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់បាក់ជើងឆ្វេង ម្នាក់ទៀតរបួសស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២២ នៅតាមផ្លូវជាតិលេខ៤ ខាងកើតជាប់ផ្លូវរថភ្លើង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមាន ឈ្មោះ ឈិន អ៊ួន ហៅសំ អុន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ របួសបាក់ជើងឆ្វេង មានប្រពន្ធឈ្មោះ អេន ចង្រឹត អាយុ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅជាមួយប្អូន ក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតនៅ ភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ភាគីខាងជនរងគ្រោះ ជិះម៉ូតូហុងដាឌ្រីម ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1A-9576 ធ្វើដំណើរលើផ្លូវបញ្ច្រាសទិសពីកើតទៅលិច ដល់ចំណុចកើតហេតុ ឆ្លងផ្លូវពីត្បូងទៅជើង ទើបដល់ពាក់កណ្តាលទ្រូងផ្លូវ ត្រូវបានភាគី ម៉ូតូXR ពណ៌ក្រហម លាយស ពាក់ស្លាកលេខ សៀមរាប 1V-2592 ជិះដោយបុរសម្នាក់ពីលិចទៅកើត បុកពេញទំហឹង ដេកដួលរងរបួសបាក់ជើងឆ្វេង ។

ករណីគ្រោះថ្នាក់ខាងលើ ជនរងគ្រោះរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញទៅដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ រីឯមធ្យោបាយទាំង២គ្រឿងត្រូវបាន សមត្ថកិច្ចជំនាញ ចុះវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន ៕

អត្ថបទ៖តាតុង សែនជ័យ

Share.