ក្រសួងមហាផ្ទៃ ដោយមានការសហការពីអង្គការយូនីសេហ្វប្រចាំនៅកម្ពុជាបានរកឃើញរដ្ឋបាលរាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដែលមានសមត្ថភាពទទួលបានជ័យលាភីកម្រិតផ្កាយ និងជើងឯក ផ្នែកផ្ដល់សេវាសង្គមជូនប្រជាពលរដ្ឋនៅតាមូលដ្ឋាន។ ពិធីប្រកាសជ័យលាភី ត្រូវបានធ្វើឡើងក្រោអធិបតីភាព សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៅសណ្ឋាគារសុខា នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ។

កម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំឡើងក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិដែលបានខិតខំយកចិត្តទុកដាក់រៀបចំ និងអនុវត្តការងារសេវាសង្គមប្រកបដោយគុណភាពដើម្បីជួយគាំពារប្រជាជននៅមូលដ្ឋានរបស់ខ្លួន ជាពិសេសជនរងគ្រោះដូចជាស្រ្តី កុមារ ជនចាស់ជរា ជនក្រីក្រ ជនមានពិការភាព និងជនជាតិដើមភាគតិច។

ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានឱ្យដឹងថាកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ចែកចេញជាពីរប្រភេទគឺពានរង្វាន់ផ្កាយសេវាសង្គម មានចំណាត់ថ្នាក់ផ្កាយ៣ ផ្កាយ២ ផ្កាយ១ និងផ្កាយសូន្យ និងពានរង្វាន់ជើងឯកសេវាសង្គមមានចំណាត់ថ្នាក់លេខ១ និងលេខ២សម្រាប់រាជធានី ខេត្ត, លេខ១ លេខ២ និងលេខ៣ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងលេខ១ដល់លេខ៥ សម្រាប់រដ្ឋាលឃុំ សង្កាត់។

ឯកឧត្តមបានឱ្យដឹងថាសម្រាប់ពានរង្វាន់ផ្កាយសេវាសង្គម មានរដ្ឋបាលឃុំ សង្កាត់២ បានទទួលចំណាត់ថ្នាក់ផ្កាយ៣, ឃុំ សង្កាត់១២៦ទទួលបានផ្កាយ២, ឃុំ សង្កាត់២៣៣ទទួលបានចំណាត់ថ្នាក់ផ្កាយ១ និងឃុំ សង្កាត់៥៦ទទួលបានផ្កាយសូន។ រដ្ឋបាលក្រុង ស្រុក ខណ្ឌវិញ ចំណាត់ថ្នាក់ផ្កាយ៣ពុំមាន ចំណាត់ថ្នាក់ផ្កាយ២មាន២១ ចំណាត់ថ្នាក់ផ្កាយ១មាន៣៦ និងចំណាត់ថ្នាក់ផ្កាយសូន្យមាន៤។ រាជធានី និងខេត្តវិញ ចំណាត់ថ្នាក់ផ្កាយ៣ពុំមានឡើយ ចំណាត់ថ្នាក់ផ្កាយ២មាន៣ ចំណាត់ថ្នាក់ផ្កាយ១មាន៣ និងចំណាត់ថ្នាក់ផ្កាយសូន្យមាន១។

ពានរង្វាន់ជើងឯកសេវាសង្គមវិញ រដ្ឋបាលខេត្តសៀមរាបទទួលបានចំណាត់ថ្នាក់លេខ១ រដ្ឋបាលខេត្តកណ្ដាលទទួលបានចំណាត់ថ្នាក់លេខ២។ ថ្នាក់ក្រុង ស្រុក ខណ្ឌ គឺរដ្ឋបាលក្រុងតាខ្មៅទទួលបានចំណាត់ថ្នាក់លេខ១ រដ្ឋបាលខណ្ឌមានជ័យលេខ២ និងរដ្ឋបាលខណ្ឌកំបូលលេខ៣ ខណៈពានរង្វាន់សម្រាប់ឃុំ សង្កាត់ គឺរដ្ឋបាលសង្កាត់បឹងកេងកងទី១ចំណាត់ថ្នាក់លេខ១ រដ្ឋបាលឃុំបាគងលេខ២ រដ្ឋបាលឃុំបន្សាយត្រែងលេខ៣ និងរដ្ឋបាលសង្កាត់បឹងកេងកង២ចំណាត់ថ្នាក់លេខ៤។ ជ័យលាភីទាំងអស់សុទ្ធតែទទួលបានវិញ្ញាបនបត្រទទួលស្គាល់ និងសម្ភារៈមួយចំនួនទៀត។

លោកជំទាវ ហ្វរូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វ ប្រចាំកម្ពុជាបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រឹងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលបានពេញភារកិច្ចរហូតសម្រេចបានសមិទ្ធផលជ័យលាភី ហើយថាអ្វីដែលកាន់តែមានមោទកភាពទៀតនោះគឺសម្រាប់ស្រ្តីក្រីក្រ និងស្រ្តីងាយរងគ្រោះ កុមារ និងជនមានពិការភាពដែលទទួលបានអត្ថប្រយោជន៍ពីការយកចិត្តទុកដាក់កាន់តែខ្លាំងលើសេវាសង្គម និងការកើនឡើងថវិកាសម្រាប់សេវាសង្គមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានថ្លែងអំណរគុណអង្គការយូនីសេហ្វសម្រាប់ការគាំទ្រគម្រោងផ្ដល់សេវាសង្គមនៅថ្នាក់ក្រោមជាតិប្រកបដោយសមភាព បរិយាប័ន និងសមធម៌។ សម្ដេចបន្ថែមថាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា រួមទាំងការផ្ដល់សេវាសង្គមជូនប្រជាពលរដ្ឋ បានទទួលការគាំទ្រពីសាធារណៈជនគ្រប់មជ្ឈដ្ឋាន ហើយក៏កំពុងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សម្ដេចបានឯកភាពចំពោះការលើកឡើងរបស់លោកជំទាវនាយិកាយូនីសេហ្វ ពាក់ព័ន្ធនឹងការវិភាគថវិកាទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបន្ថែមថាទោះបីជាមានផលប៉ះពាល់បង្កឡើងដោយជំងឺកូវីដ-១៩ក៏ដោយ ក៏រាជរដ្ឋាភិបាលមិនដកដោយក្នុងការងារកំណែទម្រង់និងការគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិដែរ។ សម្ដេចបានសង្កត់ធ្ងន់ថាបញ្ហាសំខាន់នោះគឺឆន្ទៈរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវ។

សម្ដេចក៏បានឆ្លៀតគូសបញ្ជាក់អំពីផលជាក់ស្ដែងនៃការងារនេះទៀតថា «កន្លងទៅ វិស័យសុខាភិបាល និងវិស័យមួយចំនួនទៀតក៏យើងបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយយើងទទួលស្គាល់ថាប្រសិនបើការផ្ទេរសិទ្ធិអំណាចវិស័យសុខាភិបាលមិនទាន់ពេលទេនោះ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រដ្ឋបាលរាជនី ខេត្តនឹងប្រាកដជាជួបការលំបាកមិនខានឡើយ»៕

Share.