«ឃើញហើយ​ស្អាតណាស់​ ព្រះម្ចាស់​ថ្លៃ​អើយ​ តើប្រុស​ត្រាណត្រើយ​ មក​ពីឋាន​ណា? ស័ក្ដិសមគ្រឿង​ទ្រង់ ដូច​អង្គក្សត្រា វង្វេង​អាត្មា​ក្នុង​ព្រៃ​ឯក​អង្គ​អើយ​ឯក​អង្គ​» ពាក្យ​ប៉ុន្មាន​ឃ្លា​ដែល​កំពុង​តែ​វាយ​លុក​ Newsfeed របស់​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នេះ​ គឺជា​បទ​ចម្រៀង​ចាស់​មួយ​របស់​ផលិតកម្ម​អង្គរវត្ត​ ដែល​ជា​ចម្រៀង​ដើម​របស់​អ្នក​ស្រី​ ហ៊ឹម ស៊ីវន​។ បទ​នេះ​​​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ដោយ​សារ​តែ​ CEO Yuth ជា​អ្នក​លក់​អនឡាញ​រូប​សង្ហា​ ដែល​មាន​ឈ្មោះ​លើ​ Facebook ថា​ Oun Sart និង​ឈ្មោះ​ Tiktok  ថា​ ច័ន្ទ​ ដារ៉ាយុទ្ធ​ (Oun Sart) បាន​បង្ហោះ​វីដេអូ​របស់​ខ្លួន​ ដោយ​ភ្ជាប់​ជាមួយ​នឹង​បទ​ចម្រៀង​ មហាសណ្ដំ​ ដែល​ជា​បទ​ចម្រៀង​ចាស់​ចេញ​តាំង​ពី​ជិត​២០​ឆ្នាំ​មុន​មក​ម្ល៉េះ។

អានអត្ថបទ៖ ៥បទ​​ភ្ជុំ​បិណ្ឌ​​ពី​លោក ណូយ វ៉ាន់ណេត និង​អ្នក​ស្រី​ ហ៊ឹម ស៊ីវន​ នៅ​តែ​ពេញ​និយម ​(Video)​អានអត្ថបទ៖ លើកដំបូង! វ៉ាន់ នីឡា បញ្ចេញបទចម្រៀងចូលឆ្នាំខ្មែរជាមួយតារាចម្រៀងចាស់វស្សា ហ៊ឹម ស៊ីវន

ទន្ទឹម​នឹង​មាន​ការ​ផ្ទុះ​លេង​ត​ៗ​គ្នា​របស់​ម្ចាស់​គណនី​ Tiktok រហូត​អូស​មួយ​ថ្ងៃ​មិន​ផុត​នោះ​ ស្រាប់​តែ​មាន​អ្នក​រិះគន់​ចំពោះ​បុរស​សង្ហា​រូប​នេះ​ ​ប្រើ​ពាក្យសម្ដី​ប្រមាទ​ទាក់ទង​នឹង​រឿង​ភេទ​ ដោយលើក​យក​មក​​និយាយ​ថា​លោក​ជា​ប្រុស​មិន​ពិត​ជា​ដើម។ យ៉ាង​ណា​មិញ​ការ​លើក​ឡើង​របស់អ្នក​រិះ​គន់​មួយ​ចំនួន​ខាងលើ​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​ និង​អ្នក​កណ្ដាល​និយម​ប្រតិកម្ម​តប​ត​វិញ​ថា​ ទង្វើ​ និង​សម្ដី​របស់​អ្នក​ដែល​យក​រឿង​ភេទ​ ព្រម​ទាំង​រិះគន់​ ចំពោះ​លោក​ ច័ន្ទ ដារ៉ាយុទ្ធ​ នោះ​គឺជាកើត​ចេញ​ពី​ការ​ច្រណែន​ឈ្នានីស ដែល​ឃើញ​អ្នក​លក់​អនឡាញ​រូប​សង្ហា​ម្នាក់​នេះ​ កំពុង​តែ​មាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន​។

ជាមួយ​គ្នា​នោះ​ដែរមហាជន​ក៏​បាន​កោត​សរសើរ​ចំពោះ​លោក​ ច័ន្ទ ដារ៉ាយុទ្ធ ដែរ​ថា​ជា​មនុស្ស​ស្អាត​ សង្ហា ហើយ​ថែម​ទាំង​មាន​ចិត្ត​ធ្ងន់​ថែម​ទៀត ព្រោះ​មិន​ថា​លោក​ត្រូវ​បាន​គេ​យក​រូបភាព​ទៅ​លេង​សើច​ ចំអកចំអន់​ យ៉ាង​ណា​ក៏​ដោយ​ចុះ​ក៏​លោក​នៅស្ងៀម​មិន​តប​ត​ឬ​ប្រតិកម្ម​អ្វីទាំង​អស់​។

គេ​អាច​និយាយ​បាន​ថា​នៅ​ពេល​នេះ​ ឱ្យ​តែ​ឮបទ​ចម្រៀង​ «មហាសណ្ដំ​» ឬ​ប្រយោគ​ «ឃើញហើយ​ស្អាតណាស់​ ព្រះម្ចាស់​ថ្លៃ​អើយ​» គេ​ប្រាកដ​ជា​នឹក​អរគុណ​ដល់​មនុស្ស​ដំបូង​ដែល​លើក​យក​បទ​ចម្រៀង​ដ៏ពីរោះ តែ​​បាន​កប់​បាត់មួយ​នេះ​​ឱ្យ​ត្រលប់​មក​​ល្បី​ល្បាញ​ឡើង​វិញ​ ហើយ​បើ​សិន​លោក ច័ន្ទដារ៉ាយុទ្ធ​ មិន​គាស់​រំលើង​មក​វិញ​ទេ​នោះ​ ក្មេង​ៗ​ជំនាន់​ក្រោយ​ប្រហែល​ជា​មិន​ដឹង​ពី​បទ​ចម្រៀង​នេះ​ផង​ក៏​ថា​បាន​។ អ្នក​ស្រី ហ៊ឹម ស៊ីវន គឺជា​តារា​ចម្រៀង​ជើង​ចាស់​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ណាស់​កាល​ពីជិត​២០​ឆ្នាំ​មុន​ អ្នក​ស្រី​មាន​បទ​ចម្រៀង​ដែល​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​និង​លើក​យក​មក​បក​ស្រាយ​ដោយ​តារា​ចម្រៀង​ជំនាន់​ក្រោយ​ជា​ច្រើន​ ដូចជា​បទ​ «ស្រីណាមិន​យំ» «ទឹកភ្នែក​ភរិយា» ពិសេស​គឺ​បទ​ចម្រៀង​ឆ្លើយឆ្លង​រវាង​អ្នក​ស្រី​ និង​ឧកញ៉ា​ ព្រាប​ សុវត្ថិ​ នៅ​ក្នុង​ផលិតកម្ម​ហង្សមាស​ដូច​ជា​បទ​ «ផ្ដើម​ស្នេហ៍​ជា​ថ្មី» «ហួស​ពេល​ហើយ​អូន​» «សន្យា​ឱ្យ​ថ្លៃ​»និង​ «ហែក​បេះដូង​»​ជា​ដើម​ ហើយ​អ្វី​ដែល​មិន​អាច​បំភ្លេច​បាន​នោះ​គឺ​បទ​ចម្រៀង​ខារ៉ាអូខេ​រឿង​ភាគ​ដូច​ជា​រឿង​ ទុំទាវ ស័ង្ខសិល្ប៍ជ័យ​ និង​ ម៉ាក់ថើង ​ផង​ដែរ​៕

អាន​អត្ថបទ ៖ ចូល​ឆ្នាំ​ចិន​ថ្ងៃ​ទី​៣​! តោះ​ស្ដាប់​បទ «​សន្យា​ឱ្យ​ថ្លៃ​» ​ជា​ខ្មែរ​ ចិន ​និង​ ឥណ្ឌូនេស៊ី​ តើ​មួយ​ណា​ពីរោះ​ជាង​គេ​?

Share.