រឿង​រ៉ាវ​ប្លែក​មួយ​កំពុង​តែ​ល្បីល្បាញ​នៅ​ប្រទេស​ថៃ​ ព្រោះ​តែ​មាន​បុរស​ម្នាក់​ទៅ​កាត់​សក់​ ហើយ​ប្រាប់​ថា​ចង់​បាន​សក់​ដូច​ឃុនឆាង​ ស្រាប់​តែ​​ជាង​កាត់​ឱ្យ​ដូច​បេះបិទ​ ម្ដង​នេះ​ដល់​បាន​សក់​ដូច​មែនទែន​ សាមី​ខ្លួន​បែរ​ជា​ពិបាក​ទទួល​យក​។​

មាន​គណនី​ Titkok មួយ​របស់​ថៃ​ឈ្មោះ​ @Sing_ssa ​ដែល​ជា​ជាង​កាត់​សក់​​បាន​ផុស​វីដេអូ​មួយ​​ដោយ​បាន​សរសេរ​ថា​ «អតិថិជន​និយាយ​លេង​ថា​ចង់​បាន​ឃុនឆាង​ ដូច្នេះ​ខ្ញុំ​ក៏​កាត់​ឱ្យ​បាន​តាម​សំណូម​ពរ​ ស្រាប់​តែ​គេ​ខឹង​ខ្លាំង​ គួរ​ធ្វើ​យ៉ាង​ម៉េច​ល្អ​?»

នៅ​ក្នុង​វីដេអូ​នោះ​មាន​បុរស​ម្នាក់​អង្គុយ​លើ​កៅអី​កាត់សក់​ ចំណែក​អតិថិជន​រូប​នោះអង្គុយ​យក​ដៃ​បិទ​មុខ​បិទ​មាត់​ បែប​ខ្មាសអៀន​ ហើយ​បាន​និយាយ​ថា បងកាត់​សក់​ឱ្យ​ខ្ញុំ​បាន​ល្អ​ណាស់​ ចំណែក​ខាង​ជាង​ពេល​ឮ​ពាក្យ​អតិថិនជន​និយាយ​បែប​នោះ​ក៏​សើច​មក​ដោយ​ក្ដី​អាណិត​។

ខណៈ​​ដែល​អ្នក​លេង​បណ្ដាញ​សង្គម​បាន​បញ្ចេញ​យោបល់​យ៉ាង​ច្រើន​ ដោយ​មួយ​ភាគ​ធំ​បាន​លើក​ឡើង​ថា​ អតិថិជន​និង​ជាង​ប្រហែល​ជា​ស្គាល់​គ្នា​ស្និទ្ធស្នាល​ មើល​ទៅ​ដូច​ជា​មិត្តភក្ដិ​លលេង​ជាមួយ​នឹង​មិត្ត​ភក្ដិ​ច្រើន​ជាង​ ខណៈ​អ្នក​ខ្លះ​ទៀត​លើក​ឡើង​ថា​ «កុំ​ចង់​មក​លលេង​ជាមួយ​នឹង​ជាង​កាត់​សក់​ ថា​ឱ្យ​កាត់​គឺ​កាត់​ឱ្យ​តាម​សំណូមពរ​»។

ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​ទៀត​មើល​ឃើញ​ថា​ ជាង​ធ្វើ​ហួសហេតុ​ មិន​គួរ​ធ្វើ​បែប​នេះ​ មិន​គួរ​យក​សក់​ក្បាល​របស់​គេ​មក​លលេង​ដូច្នេះ​ទេ​។ ក្រោយ​មាន​ការ​រិះគន់​ដូច្នេះ​ជាង​កាត់​សក់​បាន​មក​ឆ្លើយ​តប​ថា​ នោះ​គ្រាន់​តែ​ជា​វីដេអូ​លលេង​មិត្តភក្ដិ​ប៉ុណ្ណោះ​ព្រោះ​ការ​ពិត​ មិត្ត​របស់​ខ្លួន​បាន​មក​ហាង​ដើម្បី​កោរ​សក់​ត្រៀម​បួស​ ដូច្នេះ​ការ​ថត​ឃ្លីប​គ្រាន់​តែ​ជា​វីដេអូ​ថត​លេង​ដើម្បី​កម្សាន្ត​ប៉ុណ្ណោះ​៕

Telegram-Troryorng
Share.