លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានកិត្តិយសសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន បានឱ្យដឹងថាបើទោះបីជាបច្ចុប្បន្ន រដ្ឋាភិបាលចិនបានអនុវត្តគោលនយោបាយ សូន្យកូវីដ ដែលមានការរឹតត្បិតខ្លាំងក្នុងការចូលទៅប្រទេសចិនក៏ដោយ ក៏និស្សិតកម្ពុជាត្រូវបានបញ្ជូនទៅជាបណ្តើរៗឡើងវិញហើយ ដែលនេះគឺស្ថិតក្រោមចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ហើយអាចនិយាយបានថា និស្សិតខ្មែរគឺជានិស្សិតបរទេសដំបូងគេដែលអាចចូលទៅប្រទេសចិន ក្នុងពេលចិនរឹតត្បិតខ្លាំងបែបនេះ។

ក្រុមតំណាងនិស្សិតកម្ពុជាទទួលអាហារូបករណ៍ ទៅសិក្សានៅប្រទេសចិនទទួលបានជូនដំណើរ ការណែនាំ និងផ្តល់អនុសាសន៍ពីឯកឧត្តម ពិត ចំណាន រដ្ឋមន្ត្រីស្តីទី ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលពិធីជូនដំណើរនេះត្រូវបានរៀបចំឡើង ដោយស្ថានទូតចិនប្រចាំកម្ពុជា ហើយមានការចូលរួមពីក្រុមនិស្សិតដែលត្រូវទៅបន្តការសិក្សានៅប្រទេសចិនឡើងវិញ ក្រោយពេលស្ថានភាពកូវីដ១៩ បានធូរស្រាល កាលពីថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ២០២២។

បើតាមវិទ្យុមិត្តភាពកម្ពុជា ចិន មាននិស្សិត៣៥០នាក់ទទួលបានទិដ្ឋការ (Visa) វិលទៅសិក្សានៅប្រទេសចិន ក្រោមការសម្របសម្រួលយ៉ាងច្រើនពីរដ្ឋាភិបាលចិនស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ជាដើម។

ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានរម្លឹកថា យើងនឹងមិនភ្លេចថានៅដើមឆ្នាំ ២០២០ បន្ទាប់ពីការរកឃើញដំបូងនៃការរីករាលដាលនៃមេរោគថ្មីនៅទីក្រុង Wuhan ប្រទេសចិន និស្សិតកម្ពុជានៅទីនោះមិនប្រញាប់ប្រញាល់ជម្លៀសចេញនោះទេ ប៉ុន្តែបានជ្រើសរើសស្នាក់នៅជាមួយគ្រូបង្រៀន និងមិត្តរួមថ្នាក់របស់ពួកគេ។ តាមរយៈនេះ យើងអាចមើលឃើញអនាគតដ៏ភ្លឺស្វាងនៃមិត្តភាពចិន-កម្ពុជា។

បើតាមឯកឧត្តមឯកអគ្គរដ្ឋទូត រដ្ឋាភិបាលចិន និងកម្ពុជា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការវិលត្រឡប់របស់និស្សិតកម្ពុជាទៅកាន់ប្រទេសចិន ហើយថាថ្វីដ្បិតតែជំងឺរាតត្បាតថ្មីមិនទាន់បញ្ចប់ក៏ដោយ ក៏ប្រទេសចិនបានសម្រេចអនុញ្ញាតឱ្យនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិនត្រឡប់ទៅសាលារៀនវិញ និងបន្តថ្នាក់រៀនឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ឯកឧត្តម ពិត ចំណាន បានផ្តាំផ្ញើដល់និស្សិតទាំងអស់គោរពឲ្យបាននូវវិន័យរបស់សាលា និងច្បាប់របស់ប្រទេសចិន និងយកចិត្តទុកដាក់រៀនសូត្រ និងបានចាត់ទុកយុវជនទាំងនោះ ជានិស្សិតផង និងជាអ្នកកាទូតផង ព្រោះពួកគាត់ជាតំណាងខ្មែរ ដូច្នេះ ក្នុងន័យមិត្តភាពរវាងកម្ពុជានិងចិន និស្សិតគឺសំខាន់ណាស់លើការផ្សាភ្ជាប់ទំនាក់ទំនងរវាងពូកគាត់ជាមួយគ្រូជនជាតិចិន និងនិស្សិតចិនដែរ។

មាននិស្សិតខ្មែរប្រមាណ១៧០០នាក់ ដែលសិក្សានៅ២៧ខេត្តក្រុង និងជាង១០០សាកលវិទ្យាល័យនៅប្រទេសចិន ភាគច្រើន ជាថ្នាក់បរិញ្ញាប័ត្រ បរិញ្ញាប័ត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ហើយសិក្សាជំនាញផ្សេងៗគ្នា ដូចជា វិស្វករ ច្បាប់ សេដ្ឋកិច្ច និងផ្សេងៗទៀត គឺច្រើនជំនាញណាស់៕

Share.