ជ្រះថ្លាពេក ព្រះចៅអធិការនិពន្ធបទ “ផ្លូវទៅវត្តអង្គប្រិយ៍” ថត MV ផ្ញើជូនពុទ្ធបរិស័ទជិតឆ្ងាយស្ដាប់កម្សាន្តខែភ្ជុំ ប្ដូរពីបទដើម ផ្លូវណាទៅផ្ទះម៉ែក្មេក មកជាទំនុកច្រៀងថ្មី “ផ្លូវទៅវត្តអង្គប្រីយ៍” ជាស្នាដៃនិពន្ធដោយព្រះតេជគុណ សច្ចភាណកោ សែម សុភា ជាព្រះចៅអធិការវត្តធម្មនិមិត្តអង្គប្រិយ៍ នៅខេត្តតាកែវ។

ព្រះតេជគុណ សែម សុភា មានសង្ឃដីកាថា៖ “បទចម្រៀង MV ដែលអាត្មាផ្ដួចផ្ដើមនិពន្ធ និងសហការផលិតនេះ ធ្វើឡើងក្នុងគោលបំណង ជំរុញឱ្យពុទ្ធបរិស័ទ ញាតិមិត្តព្រះធម៌ពីទីជិតឆ្ងាយ ជាពិសេសក្មួយៗយុវវ័យ បានស្គាល់វត្តអង្គប្រិយ៍កាន់តែច្រើន នាអំឡុងរដូវកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ”។

ព្រះតេជគុណ មានសង្ឃដីកាបន្ថែមថា ក្រៅពីចង់បំផុសពីទីតាំងវត្តអង្គប្រីយ៍ហើយនោះ ចម្រៀងមួយបទនេះ ក៏ចង់ផ្ញើជូនញាតិញោមក្នុងឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ក៏ដូចជា ញាតិញោមពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស បានកម្សាន្តអារម្មណ៍ នារដូវបុណ្យភ្ជុំនេះផងដែរ។ MV “ផ្លូវទៅវត្តអង្គប្រីយ៍” សម្ដែង និងច្រៀង ដោយ យុវតី ភេម ស្រីនាថ ក្រុមការងារយុវជនមួយក្រុម ដែលឆ្លុះបញ្ចាំងពីទីតាំងវត្តអង្គប្រីយ៍ផ្ទាល់។

វត្តធម្មនិម្មិតអង្គប្រីយ៍ ហៅវត្តអង្គប្រីយ៍ មានទីតាំងស្ថិតនៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ បច្ចុប្បន្ន ទីអារាមមួយនេះ កំពុងទទួលការចាប់អារម្មណ៍ និងជាទីជ្រះថ្លាយ៉ាងខ្លាំង ពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ អញ្ជើញមកធ្វើបុណ្យ។

សូមទស្សនា ស្ដាប់ និងសណ្ដាប់ បទ «ផ្លូវទៅវត្តអង្គប្រិយ៍» ដូចខាងក្រោមនេះ៖

Share.