ឯកឧត្តម រស់​ សុវចា អ្នកនាំពាក្យក្រសួងអប់រំ​យុវជន និងកីឡា បាន​ប្រាប់​សារព័ត៌មានត្រយងថា គ្រឹះស្ថានអប់រំ​នៅមិនទាន់​បើកដំណើរការ​ឡើង​វិញ​នោះទេ ដោយសារតែព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅមិនទាន់បានបិទបញ្ចប់នៅឡើយ។

ការលើកឡើងរបស់​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ខាងលើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ផេកមួយ​បាន​សរសេរថា «សេចក្ដីជូនដំណឹង ក្រសួងអប់រំ​ យុវជន​ និងកីឡា និងសម្រេច​បើក​គ្រឹះស្ថាន​សិក្សា​ចំពោះ​ប្អូនៗ​ថ្នាក់ទី១២ នៅថ្ងៃទី​១៥​ ខែមិថុនា ២០២១ ខាងមុខ​នេះ»។ ការចុះផ្សាយ​នេះ ឯកឧត្តម រស់ សុវាចា បានច្រាន​ចោល ហើយ​ចាត់ទុកថា ជាព័ត៌មាន​ក្លែងក្លាយ។ ទន្ទឹមនឹងនេះ ផេកដែលបានយក ឡូហ្គោ ក្រសួងអប់រំ ដោយយកទៅប្រើប្រាស់​មិនមានការអនុញ្ញាត​ គឺប្រឈម​មុខច្បាប់​។ ឯកឧត្តម រស់ សុវាចា បន្ថែម។​

ឯកឧត្តម រស់ សុវាចា បានឲ្យដឹងទៀតថា ជារួមក្រសួងអប់រំនៅបន្ដបិទ​ សាលារៀនទាំងឯកជន និងរដ្ឋ ព្រោះតែ​ព្រឹត្តិការណ៍សងហគមន៍​ ២០កុម្ភៈ នៅមិនទាន់​បិទបញ្ចប់​នៅឡើយ។ ទន្ទឹមនឹងនេះ ប្រសិនបើមានការបើកសាលារៀនរដ្ឋឡើងវិញនាពេលណាមួយឡើងវិញ ក្រសួង​ផ្ដោត​លើ​វិធានការសុវត្ថិភាព​ សុខភាព ស្របតាមគោលការណ៍​របស់​ក្រសួងសុខាភិបាល​ ​ដើម្បីលើកកម្ពស់​គន្លងជីវិតថ្មីក្នុងវិស័យអប់រំ។​

ឯកឧត្តម បានបន្ដទៀតថា ការប្រលងមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និង​ការប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងធ្វើការជម្រាបជូន​សាជាថ្មី។ ចំពោះមុខនេះ​ អាណាព្យាបាល សិស្សានុសិស្ស មេត្តាបន្ដ​អនុវត្តនូវវិធានការ​៣ការពារ និង៣កុំ។ ទន្ទឹមនឹងនេះ ក្រសួង​លើកទឹកចិត្ត​ដល់សិស្សកំពុងសិក្សាត្រៀមប្រលង ​បន្ដការខិតខំសិក្សាពីចម្ងាយ និង ​តាមរយេៈអនឡាញ ហើយ​ថែរក្សាសុខភាព​ និងគាំទ្រគ្នាទៅវិញទៅមក ខណៈដែលកម្ពុជា និងពិភពលោក កំពុងប្រឈមនឹងជំងឺកូវីដ១៩នៅឡើយ ហើយក្នុងបរិបទនេះ ក្រសួងអប់រំ​នៅតែបន្ដពង្រឹង និងពង្រីកគុណភាពអប់រំ ផងដែរ៕​​

Share.