យោងតាមរដ្ឋាភិបាលស៊ីរីបានឲ្យដឹងថា មនុស្សរាប់សិបនាក់បានស្លាប់ បន្ទាប់ពីទូកដឹកជនចំណាកស្រុក និង ជនភៀសខ្លួនមកពីប្រទេសលីបង់ បានក្រឡាប់នៅឆ្នេរសមុទ្រប្រទេសស៊ីរី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃ សុក្រ ទី ២៣ ខែ កញ្ញា ឆ្នាំ ២០២២។

ក្រសួងសុខាភិបាលនៃប្រទេសស៊ីរីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃ ព្រហស្បតិ៍ ថា «ចំនួនមនុស្សដែលត្រូវបានគេរកឃើញថាបានស្លាប់ បានកើនឡើងដល់ ៣៤នាក់ ហើយ» ដោយបន្ថែមថា អ្នកនៅរស់រានមានជីវិតចំនួន ២០នាក់ កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ Basel ក្នុងទីក្រុង Tartous ភាគខាងត្បូងប្រទេស ស៊ីរី។

យោងតាមសម្ដីរបស់អ្នកនៅរស់រានមានជីវិតបាននិយាយថា ទូកនេះបានចាកចេញពីតំបន់ Minyeh ភាគខាងជើងនៃប្រទេស លីបង់ កាលពីថ្ងៃ អង្គារ ជាមួយនឹងមនុស្សចន្លោះពី ១២០នាក់ ទៅ ១៥០នាក់ នៅលើទូក។

លោក Samer Qubrusli អគ្គនាយកកំពង់ផែ បាននិយាយថា ប្រតិបត្តិការស្វែងរកកំពុងបន្ដក្នុងស្ថានភាពលំបាក ដោយសារតែរលកទឹកសមុទ្រធំៗ និង ខ្យល់បក់ខ្លាំងផងដែរ។

ឧបទ្ទវហេតុនេះ គឺជាផ្នែកមួយនៃការស្លាប់ច្រើនបំផុតចាប់តាំងពីចំនួនកើនឡើងនៃចំនួនប្រជាជនលីបង់ ស៊ីរី និង ប៉ាឡេស្ទីន បានព្យាយាមភៀសខ្លួនចេញពីប្រទេសលីបង់តាមរយៈផ្លូវទឹក ទៅកន្លែងផ្សេងៗ រួមទាំងទៅកាន់តំបន់អឺរ៉ុបជាដើម។

ប្រទេស លីបង់ ទទួលជនភៀសខ្លួនស៊ីរីប្រមានជា ១.៥លាននាក់ និង ជិត ១៤,០០០នាក់ មកពីប្រទេសផ្សេងៗទៀត។ ប៉ុន្ដែទោះជាយ៉ាងណា ប្រទេសនេះកំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ និង ការផ្ទុះកំពង់ផែ បេរូត កាលពីឆ្នាំ ២០២០ ធ្វើឲ្យប្រជាជនជាង ៨០% ជួបការលំបាកក្នុងការផ្គត់ផ្គង់ស្បៀងអាហារ និង ថ្នាំពេទ្យ។

ដោយសារតែស្ថានភាពបែបនេះហើយ ទើបបានជាមានជនភៀសខ្លួន និង ជនចំណាកស្រុកជាច្រើនបានព្យាយាមភៀសខ្លួនតាមរយៈផ្លូវទឹក ដែលប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ៕

ប្រភព៖ Aljazeera

Share.