ក្រសួងអប់រំ និងអង្គការ APISWA មានឆន្ទៈរួមគ្នា​ដើម្បីផ្សព្វផ្សាយ និងទប់ស្កាត់​គ្រឿងស្រវឹង​នៅក្នុងវិស័យអប់រំ ជាពិសេស​ការផ្សព្វផ្សាយ​ដល់យុវវ័យ​កុំឲ្យ​សេពគ្រឿងស្រវឹង។ ការប្ដេជ្ញាចិត្តនេះធ្វើឡើង​បន្ទាប់ពី​ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាត​ឲ្យ​ អ្នកនាង Berda La អ្នកគ្រប់គ្រងកម្មវិធី និងកិច្ចការសាធារណៈ នៃសម្ព័ន្ធភាពក្រុមហ៊ុនផលិតស្រា និងគ្រឿងស្រវឹងអន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេសថា (ASWA) និងអ្នកនាង Gang Tinh អ្នកគ្រប់គ្រងកិច្ចការសាធារណៈ ចូលសម្ដែងការគួរសម​ នៅទីស្ដីការក្រសួង កាលពីពេលថ្មីៗនេះ។​

លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ក្រសួងអប់រំបានចាត់វិធានការផ្សេងៗ នៅក្នុងការទប់ស្កាត់ ជាច្រើនឆ្នាំមកហើយ នៅក្នុងការផ្សព្វផ្សាយ​ទប់ស្កាត់ការសេពគ្រឿងញៀន គ្រឿងស្រវឹង និងការជក់បារី ដែលស្ថិតនៅក្នុងគោលនយោបាយជាតិ សុខភាពសិក្សា ដែលមាន៩ចំណុចធំៗ ស្ដីពីធនធានមនុស្ស និងសេដ្ឋកិច្ច ហើយបានដាក់ឲ្យសាលា​រៀន ដើម្បីបង្រៀនសិស្ស។

ជាលទ្ធផលចាប់ពីឆ្នាំ២០១១ លោកជំទាវ សឿ សុជាតា បានបញ្ជាក់ថា ក្រសួងបានចេញសេចក្ដីណែនាំដល់មន្ទីរ សាលារៀនទាំងអស់ មិនឲ្យមានគ្រឿងស្រវឹងដាច់ខាតក្នុងសាលា និងការលក់ដូរគ្រឿងស្រវឹងនៅក្បែរសាលាយ៉ាងហោច១គីឡូម៉ែត្រ។ រហូតមកទល់នឹងពេលនេះ មិនមានការសេពគ្រឿងស្រវឹង​នៅក្នុងសាលា និងការលក់ដូរនៅក្បែរសាលានោះទេ។ទន្ទឹមនឹងនេះការផ្សព្វផ្សាយនានានៅតាមបណ្ដាប្រព័ន្ធផ្សព្វផ្សាយ នៅលើទូរទស្សន៍មានចរិតនៅក្នុងការកាត់បន្ថយ​ជាពិសេសនៅម៉ោង ៥ដល់ម៉ោង៦យប់ គឺមិនមានការផ្សព្វផ្សាយនោះទេ។​

ចំពោះបញ្ហាប្រឈម លោកជំទាវ សឿ សុជាតា បានលើកឡើងថា ការបោះពុម្ព សៀវភៅសុខភាព ដល់សាលាមិនទាន់គ្រប់នៅឡើយ ហើយលោកជំទាវបានកៀរគរ​នូវការគាំទ្រ ដើម្បីធ្វើការបោះពុម្ពចែកចាយ និងការខិតបណ្ណ ក៏ដូចជាស្ពតនានាអប់រំបន្ថែម ដើម្បីផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។

អ្នកនាង Berda La អ្នកគ្រប់គ្រងកម្មវិធី និងកិច្ចការសាធារណៈ នៃសម្ព័ន្ធភាពក្រុមហ៊ុនផលិតស្រា និងគ្រឿងស្រវឹងអន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេសថា (ASWA)​ បានកោតសរសើរចំពោះក្រសួង។

អ្នកនាង Berda La បានលើកឡើងទៀតថា អង្គការរបស់អ្នកនាង ដែលមានបណ្ដាញ១១ប្រទេស នៅក្នុងពិភពលោក មានបំណងផ្សព្វផ្សាយបន្ថែមទៀត​ដើម្បីកាត់បន្ថយការសេពគ្រឿងស្រវឹងឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការផ្សព្វផ្សាយទប់ស្កាត់គ្រឿងស្រវឹងក្នុងចំណោមយុវវ័យ និងមិនធ្វើឲ្យប៉ះពាល់ក្មេងអាយុក្រោម​១៨ឆ្នាំ។

ទន្ទឹមនឹងនេះ អ្នកនាង Berda La បានលើកឡើងថា គ្រឿងស្រវឹងបានបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងការខាតបង់​សេដ្ឋកិច្ចជាតិប្រមាណជា​៣%។

លោកស្រី Olivia Widen នាយករង ទទួលបន្ទុកទំនាក់ទំនង​ នៃអង្គការ APISWA បាននិយាយនៅក្នុងរបាយការណ៍មួយ​ថា «យើងខ្ញុំគាំទ្ររសកកម្មរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំទប់ស្កាត់ការ សេពគ្រឿងស្រវឹង ក្នុងកម្រិតមួយអាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត។ លើលពីនេះទៀត យើងខ្ញុំក៏ឯកភាព តាមគោលការណ៍ របស់អង្គការសុខភាពពិភពលោក (WII) ក្នុងការឈានទៅកាត់បន្ថយការសេពសុខក្នុង បរិមាណមួយដែលអាចនាំឱ្យមានគ្រោះថ្នាក់។ ពោលគឺកាត់បន្ថយឲ្យបានកម្រិត ១០ភាគរយ ត្រឹមឆ្នាំ២០២៥។ ដើម្បីឈានទៅការបង្កើតវប្បធម៌សេពគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវនៅប្រទេសកម្ពុជា យើងខ្ញុំជឿ ជាក់ថា ការបង្កើតនឹងការអនុវត្តច្បាប់គ្រប់គ្រងទៅលើការផលិតគ្រឿងស្រវឹងគ្រប់ប្រភេទ ជាកត្តាមួយក្នុង ចំណោមកត្តានានា ដែលអាចជួយធ្វើឲ្យមានតុល្យភាព និងសុវត្ថិភាពដល់សង្គម»។

នាងខ្ញុំដែលប្រកបធុរកិច្ចនៅក្នុងវិស័យគ្រឿងស្រវឹងនេះ ជឿជាក់ថា ការបង្កើតអោយមានគំនិតផ្ដួចផ្ដើម រួមមួយទាក់ទងនឹងសុវត្ថិភាពផ្លូវថ្នល់ និងការទប់ស្កាត់ការបើកបរក្រសមទ្ធិពលគ្រឿងស្រវឹង នឹងចូលរួមជួយក្រសួង ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូលក្នុងការដោះស្រាយបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងចរាចរណ៍ ផ្លូវគោក និងការទទួលទានគ្រឿងស្រវឹងដោយកាត់បន្ថយគ្រោះថ្នាក់ដល់សុខភាពបានមួយកម្រិតផងដែរ។

របាយការណ៍ថ្មី ស្ដីពីដំណើរឆ្ពោះទៅសហគមន៍អាស៊ាន៖ ការដោះស្រាយបញ្ហាគ្រឿងស្រវឹងខុសច្បាប់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរៀបចំរួមគ្នាដោយអង្គការ Asia Pacific International Spirits & Wines Alliance (APISWA), Alliance Against Counterfeit Spirits (AACS), EU-ASEAN Business Council (EU-ABC) និង Transnational Alliance to Combat Illicit Trade (TRACIT) បានរកឃើញថា គ្រឿងស្រវឹងខុសច្បាប់បង្កគ្រោះថ្នាក់ទៅដល់អាយុជីវិត និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់ប្រាក់ចំណូលពន្ធចំនួន 8.9 ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។

នៅត្រឹមឆ្នាំ 2025 អង្គការសុខភាពពិភពលោកបានព្យាករណ៍ថា តំបន់អាស៊ាននឹងមានអត្រាប្រើប្រាស់គ្រឿងស្រវឹងដោយពុំបានកត់ត្រាខ្ពស់បំផុតនៅក្នុងពិភពលោក ហើយនៅក្នុងប្រទេសកម្ពុជាចំនួនជិតពាក់កណ្ដាល (46.8 ភាគរយ) នៃគ្រឿងស្រវឹងដែលបានទទួលទាន ពុំត្រូវបានកត់ត្រាឡើយ៕

Share.