កំពង់ចាម ៖ ទូកដរឆ្លងព្រែកមួយគ្រឿង ដឹកផ្ទុកលើសចំណុះ ផ្អៀងទឹកចូលលិចក្នុងទឹកព្រែក មនុស្សប្រុសស្រីជាង១០នាក់ហែលឡើងគោករួច បាត់តែក្មេងស្រីអាយុ១២ឆ្នាំម្នាក់លង់លិចបាត់ក្នុងទឹក និងម៉ូតូចំនួន៥គ្រឿង បង្កឲ្យភ្ញាក់ផ្អើលកាលពីព្រលប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចព្រែកអុងកូ ក្នុងភូមិកំពង់ឪជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ចំណុចព្រែកអុងកូ ស្ពានចាស់បានបាក់យូរហើយ បងប្អូនប្រជាពលរដ្ឋ នៅពេលទឹកចូលព្រែក គឺបនរើប្រាស់ទូចំនួន២គ្រឿង ផ្គុំចូលគ្នា ធ្វើជាទូកដរ ចម្លងពីម្ខាងទៅម្ខាង ហើយនៅពេលមុនកើតហេតុ ខណៈដែលទូដរ ដាក់ផ្ទុកមនុស្សជាង១០នាក់ ម៉ូតូចំនួន៥គ្រឿង ឆ្លងព្រែក ដល់ពាក់កណ្តាល ទូកផ្អៀង ដោយសារលើសចំណុះ បណ្តាលឲ្យលិច ធ្លាក់ទាំងមនុស្ស ទាំងម៉ូតូចូលក្នុងទឹក នាំគ្នាហែលឡើងគោករួច ប៉ុន្តែបាត់តែក្មេងស្រីម្នាក់ និងម៉ូតូ៥គ្រឿង លង់លិចបាត់ក្នុងទឹក ដែលមានជម្រៅ៦ម៉ែត្រ ផ្អើលឆោឡោ អ្នកភូមិ សមត្ថកិច្ច បងប្អូនខ្មែរឥស្លាម ជំនាញខាងមុជទឹក ចុះរាវ រកពេញមួយយប់ តែមិនឃើញ រហូតដល់ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ចុះរាវរកម្តងទៀត ទើបប្រទះឃើញសពក្មេងស្រី និងម៉ូតូ៥គ្រឿង ស្រង់ឡើងគោក ។

ក្មេងស្រីរងគ្រោះ ស្លាប់ក្នុងហេតុការណ៍ ឈ្មោះ ម៉ាប់ វិច្ឆិកា អាយុ១២ឆ្នាំ ក្រោយស្រង់បាន សមត្ថកិច្ចពិនិត្យរួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូទាំង៥គ្រឿង ៖ ១ ម៉ាកCBR ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1L-6832 ម្ចាស់ឈ្មោះ ស៊ាប ស៊ាងងីប  ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិទួលគេ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ២ ម៉ាកZOOMER ពណ៌ត្រួយចេក  ពាក់ស្លាកលេខ ត្បូងឃ្មុំ1B-3856 ម្ចាស់ឈ្មោះ ស៊ាន ប៉ូណាណា ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ។ ៣ម៉ាកហុងដាឌ្រីម សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GG-7291 ម្ចាស់ឈ្មោះ ផល សីហា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ។ ៤ ម៉ាកធូដេ ពណ៌ស្លាទុំ ពាក់ស្លាកលេខ កំពង់ចាម 1AB-4064 ម្ចាស់ឈ្មោះ ម៉ន មិថុនា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិគគរ ឃុំគគរ១ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ៥ ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 1D-7746 ម្ចាស់ឈ្មោះ ហេង សិលា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ។

ក្រោយពីស្រង់បានម៉ូតូទាំង៥គ្រឿង សមត្ថកិច្ចប្រគល់ជូនម្ចាស់យកទៅជួសជុលដោយខ្លួនឯង ៕

Share.