បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា បានរងបរាជ័យក្រោមថ្វីជើង ក្រុមជម្រើសជាតិបង់ក្លាដែស ក្នុងលទ្ធផល ១-០ ទាំងមិនអស់ចិត្តកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅថ្ងៃ FIFA Day ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ មានអ្នកគាំទ្រជាច្រើនរិះគន់ចំពោះការដឹកនាំរបស់លោក Keisuke Honda ហើយទទូចចង់ឲ្យលោក ប៉ែន ផាត ដឹកនាំក្រុមជម្រើសជាតិជំនួស។

ភ្លាមៗនោះលោក ប៉ែន ផាត វីរៈបុរសបាល់ទាត់កម្ពុជាបានលើកឡើងថា៖«សូមអរគុណណាស់ បាទ អ្នកនាង នី សម្បត្តិ ខ្ញុំអត់មាន Licence Professional ទេបាទ។ មានតែ Licence សំរាប់បង្ហាត់ ក្មេងពីតូចទៅ18ឆ្នាំតែប៉ុណ្ណោះ ចឹងហើយត្រូវតែគោរពច្បាប់របស់ បាល់ទាត់ពិភពលោក នៅស្រុកយើងមានអ្នកមាន Licence Professional ច្រើនរាប់មិនអស់ គាត់អាចធ្វើបាន។ ហើយមួយទៀតខ្ញុំឯងមិនសូវយកចិត្តឬអែបអបនរណាផងដែរ ឃើញខុសថាខុស ឃើញល្អថាល្អ។»

លោកគ្រូ ប៉ែន ផាត រហស្សនាមពស់កេងកងគឺជាបុរសកម្ពុជាតែម្នាក់គត់ ដែលធ្លាប់ប្រកួតជាមួយ Pele ស្តេចបាល់ទាត់ពិភពលោក កាលពីឆ្នាំ១៩៧៣ អំឡុងពេលលោកប្រកបអាជីពអោយក្លិប Rapracha FC ប្រទេសថៃ។

លោកគ្រូក៏ជា វិរៈបុរសបាល់ទាត់មួយរូបក្នុងការជួយអោយកម្ពុជាទទួលចំណាត់លេខ ៤ ក្នុងពានរង្វាន់ AFF Asian Cup 1972 និងជួយអោយកម្ពុជាយកឈ្នះជប៉ុន ១-០, ចាញ់ចិនត្រឹម ១-០ ទស្សវត្តន៍៦០។

លោកគ្រូក៏រួមចំនែក បំបាក់ក្រុមដំរីថៃ ៣-០ នៅលើទឹកដីប្រទេសឥណ្ឌូនេស៊ីក្នុងពានរង្វាន់ President Cup ។ បំណងប្រាថ្នាធំបំផុតរបស់លោកគ្រូគឺចង់អោយបាល់ទាត់កម្ពុជាបច្ចុប្បន្នរីកចម្រើនខ្លាំងបន្ថែមទៀត៕

Share.