កម្ពុជា ជួប​អ៉ីរ៉ាក់ កាល​ពី​ជើង​ទី១

ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ាក់ ក្នុង​វគ្គ​ជម្រុះ​ពូល C នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ជើង​ឯក​ទ្វីប​អាស៊ី នៅ​វេលា​ម៉ោង​៩:៣០នាទី​យប់​ថ្ងៃ​ចន្ទ ទី៧ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​លើ​ទីលាន​កីឡដ្ឋាន Sheikh Ali Bin Mohammed Al Khalifa Stadium ក្នុង​ប្រទេស​បារ៉ែន។ ប្រកួត​យប់​នេះ​មាន​ផ្សាយ​បន្តផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ផង​ដែរ។

មុន​ការ​ប្រកួត​មក​ដល់«Troryorng News» សូម​ណែនាំ​ពី​ចំណុច​៥យ៉ាង​ជូន​ប្រិយមិត្ត​ពិចារណា​ថា​ក្រុម​ណា​អាច​នឹង​ទទួល​បាន​ជ័យជម្នះ​នៅ​យប់​នេះ៖​

១.ចំណាត់​ថ្នាក់​ពិភពលោក
*អ៊ីរ៉ាក់ ឈរ​​លេខ ​៦៨ ពិភពលោក
*កម្ពុជា ឈរ​​លេខ​ ១៧៤​ពិភពលោក

២.លទ្ធផល​ប្រកួត​កន្លង​មក
*រវាង​អ៊ីរ៉ាក់ និង​កម្ពុជា
ក្រុម​ទាំង​២​ធ្លាប់​ជួប​គ្នា​តែ​១លើក​ប៉ុណ្ណោះ កាល​ពី​វគ្គ​ជម្រុះ​ជើង​ទី១ កន្លង​ទៅ​ក្នុង​ខែ​តុលា ​ឆ្នាំ​២០១៩ ដែល​កាល​ណោះ​កម្ពុជា បាន​ចាញ់​អ៊ីរ៉ាក់ ៤ទល់០ ក្នុង​រាជធានី​ភ្នំពេញ។

*៥​ប្រកួត​ចុងក្រោយ​របស់​អ៊ីរ៉ាក់៖
-អារ៉ាប់រួម ០-០ អ៊ីរ៉ាក់
-អ៊ីរ៉ាក់ ២-១ គុយវ៉ែត
-អ៊ូប៊ែគីស្ថាន ០-១ អ៊ីរ៉ាក់
-អ៊ីរ៉ាក់ ០-០ តាហ្ស៊ីគីស្ថាន
-អ៊ីរ៉ាក់ ៦-២ នេប៉ាល់

*៥ប្រកួត​ចុងក្រោយ​របស់​កម្ពុជា
-អ៊ីរ៉ង់ ១៤-០ កម្ពុជា
-កម្ពុជា ៤-០ អ៊ីរ៉ាក់
-កម្ពុជា ១-១ ម៉ុងហ្គោលី
-ហុងកុង ២-០ កម្ពុជា
-បារ៉ែន ៨-០ កម្ពុជា

ក្រុម​ជម្រើស​ជាតិ​កម្ពុជា កាល​ប៉ះ​បារ៉ែន

*ជ័យជម្នះ​និង​បរាជ័យ​​ច្រើន​​គ្រាប់​បំផុត​របស់​អ៊ីរ៉ាក់
ក្រុម​អ៊ីរ៉ាក់ ធ្លាប់​បាន​ចារ​ប្រវត្តិសាស្ត្រ​យក​ឈ្នះ​​លើ​ក្រុម​អេត្យូពី ដោយ​លទ្ធផល​១៣ទល់០ កាល​ពី​ឆ្នាំ​១៩៩២ ខណៈ​បរាជ័យ​ដែល​គេ​ទាត់​ចូលទី​ច្រើន​គ្រាប់​បំផុត​គឺ​ចាញ់​ក្រុម​ទួរគី ៧ទល់១ កាល​ពី​ឆ្នាំ​១៩៥៩។

*ជ័យជម្នះ​ និង​បរាជ័យ ច្រើន​គ្រាប់​បំផុត​របស់​កម្ពុជា
កម្ពុជា ធ្លាប់​បាន​ចារ​ប្រវត្តិសាស្ត្រ​យក​ឈ្នះ​​លើ​ក្រុម​យេមែន​ខាង​ជើង ដោយ​លទ្ធផល​១១ទល់០ កាល​ពី​ឆ្នាំ​១៩៦៦ ខណៈ​បរាជ័យ​ដែល​គេ​ទាត់​ចូលទី​ច្រើន​គ្រាប់​បំផុង​គឺ​ពេក​ចាញ​អ៊ីរ៉ង់ ១៤ទល់០ កាល​ពី​ឆ្នាំ​២០១៩។

៣.ស្ថានភាព​ក្រុម​មុន​ប៉ះ​គ្នា
កីឡាករ Ali Faez របស់​អ៊ីរ៉ាក់ រក​ឃើញ​ថា​មាន​ជំងឺ​កូវីដ-១៩ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម ខណៈ​ក្រុមអ៊ីរ៉ាក់ និង​ហុងកុង ត្រូវ​បាន​ម្ចាស់​ផ្ទះ​បារ៉ែន រៀបចំ​ឱ្យ​ស្នាក់នៅ​សណ្ឋាគារ​ជាមួយ​គ្នា។

ចំណែក​ក្រុម​កម្ពុជា វិញ​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បង្ហោះ​នៅ​​លើ​ហ្វេសប៊ុក​នៅ​ម៉ោង​​២រសៀល ពោល​គឺ​មុន​ការ​ប្រកួត​​៧​ម៉ោង​ថា​សមាជិក​ក្រុម​ទាំង​អស់​សុទ្ធ​តែ​អវិជ្ជមាន​ជំងឺ​កូវីដ-១៩។

៤.ទស្សនៈ​តំណាង​ក្រុម​មុន​ជួប​គ្នា
កីឡាករ Ali Adnan តំណាង​ក្រុម​អ៊ីរ៉ាក់ ដែល​ចូល​ក្នុង​សន្និសិទសារព័ត៌មាន​មុន​ការ​ប្រកួត​បាន​លើក​ឡើង​ថា៖«យើង​គោរព​ការ​លេង​របស់​ក្រុម​កម្ពុជា ព្រោះ​ថា​​គ្មាន​ការ​ប្រកួត​ណាមួយ​ស្រួល​នោះ​ទេ។ ពួក​គេ​លេង​ដោយ​គ្មាន​សម្ពាធ (អស់​ឱកាស​ឡើង​​ទៅ​ជុំ​បន្ត)។ ជ័យជម្នះ​ក្នុង​ប្រកួត​នេះ​គឺ​ជា​ការ​លើក​ទឹកចិត្ត​ពួក​យើង​ឱ្យ​កាន់​តែ​ខ្លាំង មុន​ពេល​ជួប​ហុងកុង និង​អ៊ីរ៉ង់ ដើម្បី​កាត់​សេចក្តី​នៅ​ក្នុង​ពូល​ថា​ក្រុម​ណា​នឹង​ឆ្លង​ផុត»។

លោក Ryu Hirose គ្រូ​បង្គោល​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​លើក​ឡើង​មុន​ការ​ប្រកួត​ថា៖«ទោះបី​ជា​យើង​របួត​គ្រាប់​បាល់​ច្រើន​ក្នុង​ការ​ប្រកួត​មុន​ជាមួយ​បារ៉ែន ក៏​ដោយ យើង​នឹង​បន្ត​លេង​តាម​ទម្រង់​បាល់ទាត់​របស់​យើង​ដដែល ដោយ​ព្យាយាម​រក្សា​ការ​គ្រប់គ្រង​បាល់​នៅ​លើ​ទីលាន»។

៥.ឱកាស​ក្នុង​ព្រឹត្តិការណ៍​ប្រកួត
ក្រុម​អ៊ីរ៉ង់ ត្រូវ​ការ​ជ័យជម្នះ​ជា​ដាច់ខាត​នៅ​ក្នុង​ប្រកួត​ដែល​នៅ​សេសសល់ ដើម្បី​ប្រជែង​ជាមួយ​ក្រុម​ខ្លាំង​ក្នុង​ពូល​​បារ៉ែន និង​អ៊ីរ៉ង់ ដើម្បី​ឡើង​ទៅ​លេង​ជុំ​បន្ត។ ចំណែក​ក្រុម​កម្ពុជា អស់​ឱកាស​ឡើង​ទៅ​លេង​ជុំ​បន្ត​ហើយ ប៉ុន្តែ​នៅ​សល់​ឱកាស​ចូល​លេង​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​ជើង​ឯក​ទ្វីប​អាស៊ី 2023 AFC Asian Cup៕

Telegram-Troryorng
Share.