Tuesday, November 29 Login

ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ខណៈដែលកំពុងដើរថ្មើរជើងឆ្លងផ្លូវ ត្រូវបានម៉ូតូគុបមូលបើកបុក ដួលហើយមានរថយន្តមួយគ្រឿងផ្សេងទៀតបុកបន្ថែម កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្លូវចូលបុរីលី ហ្វុង  ស្ថិតនៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ

ជនរងគ្រោះមានឈ្មោះ ឡាង ជា ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកម៉ូតូបង្កម៉ាកហុងដា គុបមូល ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1C-2414 ជិះដោយឈ្មោះ ហួរ ជីលី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមេការហាង មានទីលំនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានឃាត់ខ្លួន ។ រីឯរថយន្តដែលបើកបុកជនរងគ្រោះបន្ថែម មិនស្គាល់ម៉ាក មិនស្គាល់ស្លាកលេខ មិនស្គាល់អត្តសញ្ញាណ បើករត់គេចបាត់ ។

តាមប្រភពបានឲ្យដឹងថាមុនកើតហេតុ ម៉ូតូបើកពីលិចទៅកើត ដល់ចំណុចកើតហេតុ ជ្រុលបុកជនរងគ្រោះកំពុងដើរឆ្លងផ្លូវ ពីត្បូងទៅជើង បណ្តាលឲ្យដួល ស្របពេលនោះ មានរថយន្តមួយគ្រឿងផ្សេងទៀត បើកពីកើតទៅលិច បុកជនរងគ្រោះបន្ថែម បណ្តាលឲ្យស្លាប់នៅកន្លែង ហើយរថយន្តបើករត់គេចទៅបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចចុញទៅពិនិត្យស្លាកស្នាមរួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូនិងអ្នកបើកបរ ត្រូវបានប្រគល់ជូនការិយាល័យចរាចរជើងគោកស្នងការក្រុងកសាងសំណុំរឿងតាមនីតិវិធី៕

Share.

Leave A Reply