ក្រុមជម្រើសជាតិវៀតណាម ក្រោមការដឹកនាំរបស់លោក Park Hang-seo បន្តភាពខ្លាំងរបស់ខ្លួនដដែល ក្រោយយកឈ្នះយក្សឥណ្ឌា ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៣-០ ពានរង្វាន់ VFF Tri-Nations Series 2022 នៅកីឡដ្ឋាន Thống Nhất ទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

បើយើងមើលថយក្រោយទៅកាន់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ នៃវគ្គជម្រុះ FIFA World Cup ក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះយក្សចិន ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន Mỹ Đình និងបន្តស្មើជាមួយជើងខ្លាំងជប៉ុន ក្នុងលទ្ធផល ១-១ នៅកីឡដ្ឋាន Saitama។

គួរដឹងថាកាលពីពេលថ្មីនេះសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) និងក្រុមហ៊ុន Next Media បានប្រកាសគម្រោង៖«បណ្តុះទេពកោសល្យបាល់ទាត់យុវជនវៀតណាមនៅប្រទេសអាល្លឺម៉ង់ (Vietnamese young football talent incubator in Germany)» ជាមួយគោលដៅ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទៅលេងពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2030 ខាងមុខនេះ។

ជារៀងរាល់ឆ្នាំពួកគេបានជ្រើសរើសយុវជនទៅហ្វឹកហាត់នៅក្របខណ្ឌ Bundesliga ក្នុងរយៈពេល ១-២ ខែជាមួយក្លិបល្បីៗដូចជា៖ Bayern Munich, Borussia Dortmund, Borussia MonchenGladbach, Hertha Berlin ជាដើម៕

Share.