ត្បូងឃ្មុំ៖ លោកឧត្តមសេនីយ៍ស្នងការបានដឹកនាំកងកម្លាំងនគរបាល សហការជាមួយ អាជ្ញាធរស្រុកត្បូងឃ្មុំ ក្រុមប្រឹក្សាឃុំ មេភូមិ កម្លាំងប្រជាការពារ រួមនឹងបងប្អូនប្រជាពលរដ្ឋ បានរួមគ្នាជួយរុះរើ ផ្ទះប្រជាពលរដ្ឋ ចំនួន ៥ ខ្នង ដែលកំពុងប្រឈមនឹងការបាក់ស្រុតច្រាំងចូលទៅក្នុងទឹកទន្លេមេគង្គ ស្ថិតនៅក្នុងភូមិរការធំ ឃុំជីរោទ៍ទី១ ។

លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តបានបញ្ជាក់ឲ្យដឹងថា កម្លាំងយើងបានបន្តរុះរើផ្ទះក្រោមការចង្អលបង្ហាញរបស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលត្បូងឃ្មុំ និងក្រោយពីទទួលបានសេចក្តីរាយការណ៍ របស់លោកអធិការនគរបាលស្រុកត្បូងឃ្មុំ រួចមក លោកស្នងការនគរបាលខេត្តត្បូងឃ្មុំ បាន ដឹកនាំកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងនគរបាល អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទ៍ទី១ ដោយសហការជាមួយ អាជ្ញាធរស្រុកត្បូងឃ្មុំ ក្រុមប្រឹក្សាឃុំ មេភូមិ កម្លាំងប្រជាការពារភូមិ រួមនឹងបងប្អូនប្រជាពលរដ្ឋ បានរួមគ្នាជួយរុះរើ ផ្ទះប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិរការធំ ឃុំជីរោទ៍ទី១ ដែលកំពុងប្រឈម និងការបាក់ស្រុតច្រាំងចូលទៅក្នុងទឹកទន្លេមេគង្គ នាព្រឹកថ្ងៃទី ២៧.២៨ ខែ កញ្ញា ឆ្នាំ២០២២ ។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកនូវថវិកាចំនួន ៣០០ដុល្លារ ប្រគល់ជូនម្ចាស់ផ្ទះ ឈ្មោះ ម៉ក់ ចាន់និត ភេទស្រី ដែលបានរៀបចំបាយថ្ងៃត្រង់ដល់កងកម្លាំង ដែលជាអំណោយឧបត្ថម្ភ របស់ឯកឧត្តមបណ្ឌិតអភិបាលខេត្តត្បូងឃ្មុំ ។ ចំពោះច្រាំងទន្លេដែលបានបាក់ស្រុតចូលទៅក្នុងទឹកទន្លេនោះមានទទឹងប្រវែង ១៥ ម៉ែត្រ បណ្ដោយប្រវែង ៦០ ម៉ែត្រ ។ ផ្ទះប្រជាពលរដ្ឋ ដែលប្រឈមខ្លាំងមានចំនួន ៥ខ្នងផ្ទះ ។ បានរុះរើរួចមានចំនួន ០៣ខ្នង និងផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ០២ខ្នងទៀតនឹងត្រូវរុះរើនៅថ្ងៃទី២៨ជាបន្តទៀត។

លោកស្នងការបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទះសម្បែង សត្វពាហនៈផ្សេងៗ នៅជាប់ក្បែរ មាត់ច្រាំងទន្លេមេគង្គ គឺត្រូវប្រុងប្រយ័ត្នខ្ពស់ អំពីការស្រុតបាក់ច្រាំងទន្លេ ។ ហើយសម្រាប់បងប្អូនមានបញ្ហា ចង់សំណូមពរ ឬមានហេតុការណ៍អ្វីកើតមានឡើង ដែលតម្រូវឱ្យជួយអន្តរាគមន៍ ដោះស្រាយនោះ សូមរាយកាណ៍ ឬ ផ្តល់ព័ត៌មានតាមទូរស័ព្ទលេខ 0714422666 មកបាន២៤ម៉ោងលើ២៤ម៉ោង៕

អត្ថបទ៖ សាន្ត វិឡែម

Share.