ប្រទេសរុស្ស៊ីបានត្រៀមខ្លួនជាស្រេចក្នុងការបញ្ចូលតំបន់ចំនួន៤ របស់អ៊ុយក្រែនចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួន បន្ទាប់ពីទទួលបានជ័យជម្នះនៃការបោះឆ្នោតប្រជាមតិ នៅក្នុងតំបន់ទាំង៤ របស់អ៊ុយក្រែន ដែលខ្លួនដណ្ដើមកាន់កាប់បានជោគជ័យ ខណៈទីក្រុង កៀវ និង ប្រទេសលោកខាងលិចបានហៅការបោះឆ្នោតប្រជាមតិនេះថាជា ទង្វើខុសច្បាប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ កញ្ញា ឆ្នាំ ២០២២។

កងកម្លាំងប្រដាប់ ចាប់ដៃជាមួយមន្រ្តីបោះឆ្នោត បានធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយ ដែលជាតំបន់រុស្សីកំពុងក្ដោបក្ដាប់ ដើម្បីប្រមូលសន្លឹកឆ្នោតត្រឡប់មកវិញរយៈពេល ៥ថ្ងៃ ដោយមានប្រហែល ១៥% គឺជាទឹកដីរបស់អ៊ុយក្រែន។

រដ្ឋបាលដែលបានដំឡើងដោយទីក្រុង ម៉ូស្គូ ក្នុងតំបន់ទាំង៤ នៃភាគខាងត្បូង និង ភាគខាងកើតនៃប្រទេសអ៊ុយក្រែន បានអះអាងកាលពីយប់ថ្ងៃ អង្គារ ថា ៩៣% នៃសន្លឹកឆ្នោតដែលបានបោះនៅក្នុងតំបន់ Zaporizhia គាំទ្រការបញ្ចូលទៅក្នុងឧបសម្ព័ន្ធរបស់រុស្ស៊ី , នៅតំបន់ Kherson បានគាំទ្រ ៨៧% , តំបន់ Luhansk គាំទ្រ ៩៨% និង តំបន់ Donetsk គាំទ្រ ៩៩%។

នៅឯលានក្រហមនៃទីក្រុងមូស្គូ មានដាក់បង្ហាញនូវអេក្រង់វីដេអូយក្សបំពាក់ផ្ទាំងប៉ាណូដែលសរសេរថា «Donetsk, Luhansk, Zaporizhzhia និង Kherson ជារបស់រុស្ស៊ី»។

ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន អាចនឹងប្រកាសពីការបញ្ចូលឧបសម្ព័ន្ធទាំង៤នេះ ក្នុងសុន្ទរកថានារយៈពេលប៉ុន្មានថ្ងៃខាងមុខ ក្រោយពីរដ្ឋបាលដែលលើកបន្តុបដោយរុស្ស៊ី កាលពីថ្ងៃពុធសប្តាហ៍មុនបានស្នើសុំទៅកាន់លោក ពូទីន ឲ្យបញ្ចូលទឹកដី ទាំងនេះទៅក្នុងប្រទេសរុស្ស៊ី ជាផ្លូវការ។

យ៉ាងណាម៉ិញ ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថា «ការបង្ខំឲ្យប្រជាជននៅក្នុងទឹកដីទាំងនេះបំពេញឯកសារមួយចំនួន នៅក្នុងធុងកាំភ្លើង គឺជា ឧក្រិដ្ឋកម្មរបស់រុស្ស៊ីមួយផ្សេងទៀត នៅក្នុងដំណើរការនៃការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន» ដោយក្រសួងបានបន្ថែមថា «ការបោះឆ្នោតគឺ ចាត់ទុកថា គ្មានតម្លៃ ឬ ចាត់ទុកជាមោឃៈ»។

ទន្ទឹមនោះក្រសួងការបរទេសអ៊ុយក្រែនបានស្នើឲ្យសហភាពអឺរ៉ុប អង្គការណាតូ និង ក្រុមប្រទេសឧស្សាហកម្មធំៗ ចំនួន៧ (G7) «បង្កើនសម្ពាធលើរុស្ស៊ីជាបន្ទាន់ និង យ៉ាងម៉ត់ចត់ ជាមួយនឹងទណ្ឌកម្មថ្មី រួមទាំងស្នើឲ្យបង្កើមជំនួយយោធារបស់ពួកគេឲ្យកាន់តែខ្លាំងក្លាដល់ទីក្រុង កៀវ ផងដែរ»។

ប្រធានគណៈកម្មការអឺរ៉ុប​ អ្នកស្រី Ursula von der Leyen បានជំរុញឲ្យប្រទេសសមាជិកទាំង ២៧ របស់ EU យល់ព្រមលើកញ្ចប់ទណ្ឌកម្មថ្មីលើមន្រ្តីរុស្ស៊ី និង ពាណិជ្ជកម្ម ជាការឆ្លើយតបទៅនឹងការធ្វើប្រជាមតិក្លែងក្លាយ។ អ្នកស្រីបានហៅសន្លឹកឆ្នោតប្រជាមតិនោះថា «ការប៉ុនប៉ងខុសច្បាប់ ដើម្បីដណ្ដើមយកទឹកដី និង ផ្លាស់ប្ដូរព្រំដែនអន្តរជាតិដោយបង្ខិតបង្ខំ»។

ទោះជាយ៉ាងណា រុស្ស៊ីបាននិយាយថា ការបោះឆ្នោតប្រជាមតិខាងលើនេះគឺ ធ្វើឡើងដោយស័្មគ្រចិត្តស្របច្បាប់អន្តរជាតិ ហើយចំនួនអ្នកទៅបោះឆ្នោតគឺមានច្រើន។ ធ្វើត្បិតមានការអះអាងពីភាគីរុស្ស៊ីយ៉ាងណាក្ដី ការធ្វើប្រជាមតិ និង គំនិតនៃការបញ្ចូលឧបសម្ព័ន្ធបែបនេះ ត្រូវបានច្រានចោល ព្រមទាំងរងការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់អ៊ុយក្រែន និង បណ្ដាប្រទេសលោកខាងលិច ដូចគ្នាទៅនឹងពេលដែលរុស្ស៉ីក្រសោបយកតំបន់គ្រីមៀ ពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ដែរ៕

ប្រភព៖ Aljazeera

Share.