​​ថៃ៖ សាកសព​ដែល​ស្លាប់​ដោយសារតែ​ឆេះ​ខ្លោច​ក្នុង​រថយន្ត​នៅ​ក្នុង​ឧប្បត្តិហេតុ​រថយន្ត​បើក​​ជ្រុល​ចង្កូត​បុក​ទ្រូង​ផ្លូវបណ្ដាល​ឱ្យ​កើត​មាន​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​​គឺជា​តារា​បង្ហាញ​ម៉ូដ​វ័យ​៣៤​ឆ្នាំ​។

នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បាន​កើត​ឡើង​កាល​ពី​ពេល​ថ្មី​ៗ​ នៅ​ប្រទេសថៃ​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ម្នាក់​នៅ​ក្នុង​រថយន្ត​ឆេះ​ខ្លោច​។ ក្រោយ​ទទួល​បាន​ដំណឹង​នេះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​និង​ក្រុម​សង្គ្រោះ​បាន​ព្យាយាម​ទៅ​ដល់​កន្លែង​កើត​ហេតុ​ដើម្បីជួយ​សង្គ្រោះ​ ប៉ុន្តែ​ដោយសារ​តែ​ភ្លើង​ឆេះខ្លាំង​ពេក​ធ្វើ​ឱ្យ​ក្រុម​ការងារ​​ប្រើ​ពេល​រហូត​ដល់​កន្លះ​ម៉ោង ទើប​អាច​ពន្លត់​អគ្គីភ័យ​បាន​។

ដំបូង​ឡើយ​សមត្ថកិច្ច​មិន​ទាន់​អាច​កំណត់អត្តសញ្ញាណ​របស់​អ្នក​ស្លាប់​ប៉ុន្តែ​ក្រោយពន្លត់​ភ្លើង​រួច​ទើប​អាច​កំណត់​អត្តសញ្ញាណ​រថយន្ត​ និង ​អ្នក​រងគ្រោះ​បាន​គឺជា​តារា​ម៉ូដែល​បង្ហាញ​ឈុត​ហែល​ទឹក​ និង​បង្ហាញ​ម៉ូដ​ទូទៅ មាន​ឈ្មោះ​ថា​ សូរី​រ៉ាត់ វ័យ​៣៤​ឆ្នាំ​។

ក្រោយ​បើក​ការ​ស្រាវជ្រាវ​បរិវេណ​ជុំ​វិញ​កំណត់​បាន​ថា​ មាន​ភ្លៀង​ធ្លាក់​ផង ផ្លូវ​ជួសជុល​ផង ហើយ​ងងឹត​ទៀត​ ចំណែក​ទ្រូង​ផ្លូវ​​មាន​ស្នាម​បុក​ជល់​ និង​សំណល់​រថយន្ត​ខ្ទាត​ខ្ចាតខ្ចាយ​ សរុប​ដំបូង​អាច​សន្និដ្ឋាន​បាន​ថា​ អ្នក​ស្លា.ប់​ធ្វើ​ដំណើរ​ត្រលប់​មក​ផ្ទះ​វិញ​ មក​ដល់​កន្លែង​កើត​ហេតុ​មាន​ភ្លៀង​ធ្លាក់​ ហើយ​ផ្លូវ​ងងឹត​ធ្វើ​ឱ្យ​ជ្រុលចង្កូត​បុក​ទ្រូង​ផ្លូវ​ បណ្ដាល​រថយន្ត​ក្រឡាប់​មាន​ភ្លើង​ឆេះ​ បណ្ដាល​ឱ្យ​ស្លាប់​​នៅ​កន្លែ​ង​កើត​ហេតុ​តែ​ម្ដង​៕

Share.