រដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូនបានបន្តរំលឹកឲ្យក្រុមហ៊ុនដែលកំពុងសាងសង់ផ្លូវ យកចិត្តទុកដាក់ពង្រឹងគុណភាពធានាឱ្យផ្លូវរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

ការក្រើនរំលឹករបស់ឯកឧត្តមស៊ុន ចាន់ថុលនេះបានធ្វើឡើងក្នុងពេលដែលឯកឧត្តមដឹកនាំ ក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១៤៦B និងផ្លូវជាតិ លេខ១៤៨ ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុននៅព្រឹកថ្ងៃទី០៧ខែមិថុនានេះ។

ផ្លូវលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ ចាប់ ផ្តើម ពីចំណុចប្រសព្វលើផ្លូវជាតិលេខ៤ (ត្រង់គីឡូម៉ែត្រ ១៧៨ +១៦៥) ឆ្លងកាត់លើផ្លូវ ខេត្តលេខ១៤៨ បញ្ចប់ក្នុងចំណុច ប្រសព្វលើផ្លូវជាតិ លេខ៤ (ត្រង់ គីឡូម៉ែត្រ ២២៥ +៥៥០)។ ផ្លូវជាតិលេខ១៤៦B ចាប់ផ្តើមពីចំណុចប្រសព្វលើផ្លូវជាតិលេខ៤ (ត្រង់គីឡូម៉ែត្រ ១៧៨ +១៦៥) រួចឆ្លងកាត់ លើផ្លូវខេត្តលេខ១៤៨ បញ្ចប់ក្នុងចំណុចប្រសព្វលើផ្លូវជាតិលេខ៤ (ត្រង់ គីឡូម៉ែត្រ ២២៥ +៥៥០) ប្រវែងសរុប ៤៣.០២៥គីឡូម៉ែត្រ។

ផ្លូវទាំងពីរនេះចាប់ផ្តើមសាងសង់ក្នុងកំឡុងខែមេសា ឆ្នាំ២០២០ និងគ្រោង បញ្ចប់នៅក្នុង ខែសីហា ឆ្នាំ២០២២។គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (Brach of China Road and Bridge Cooperation in Cambodia) ក្រោមគម្រោង អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ថិតនៅក្នុងខេត្តព្រះសីហនុ ក្នុងក្របខណ្ឌប្រើប្រាស់ កញ្ចប់ថវិកាសន្សំរបស់ជាតិ៕

អត្ថបទ៖ភ្នាក់ងារខេត្តព្រះសីហនុ

Share.