ក្រសួងធនធានទឹកបានជូនដំណឹងនៅថ្ងៃទី០៨ខែមិថុនានេះថា នៅថ្ងៃទី ៩-១២ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុង និរតីខ្លាំង និងប្រព័ន្ធសម្ពាធទាប ។

នៅថ្ងៃទី១៣-១៥ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុង និរតីខ្លាំង និងជ្រលងនៃកូនព្យុះឈ្មោះ កូហ្គូម៉ា លើកទី៤ TS KOGUMA 2014 ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមាន សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C នឹងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C ។ មានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរ ពីបង្គួរ ទៅច្រើន ជាមួយនិងខ្យល់កន្ត្រាក់ខ្លាំង រាយប៉ាយនៅភាគពាយ័ព្យ និងភាគខាងត្បូង ។

ចំណែកបណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមាន សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °Cនិងសីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C។ មានភ្លៀង ផ្គររន្ទះ ផ្លេកបន្ទោរ ពីបង្គួរ ទៅច្រើន ជាមួយនិងខ្យល់កន្ត្រាក់ខ្លាំង រាយប៉ាយនៅភាគ ឦសាន ភាគខាងជើង ជួរភ្នំដងរែក និងជួរភ្នំក្រវាញ ។


ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៥ ºC និងសីតុណ្ហភាពអតិបរមា មានពី ២៦-២៩ °C។ មានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរ ច្រើនជាមួយនិងខ្យល់កន្ត្រាក់ខ្លាំង រលកសមុទ្រខ្ពស់ៗ។

ក្រសួងធនធានទឹកបានអំពាវនាវឱ្យសាធារណជនជាពិសេស ប្រជានេសាទ និងអ្នកដំណើរ  សមុទ្រ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះខ្យល់បក់បោកខ្លាំងនិងរលកសមុទ្រខ្ពស់ៗ ៕

Share.