ច្បាប់នៅមានការយោគយល់ បញ្ហាទម្លាប់ និងកត្តាជីវភាព ញាំងឲ្យប្រជាជនមួយចំនួនហ៊ានកាត់លួសរបង​ដើម្បីយកឥវ៉ាន់មកលក់ដូរនៅផ្លូវល្បឿនលឿន ដែលមិនបារម្ភអំពីគ្រោះថ្នាក់ និងបញ្ហាផ្លូវច្បាប់ផ្សេងៗ។ ម៉្លោះហើយកន្លងទៅថ្មីៗនេះ អ្នកភូមិបានប្រលែងគោ​ឲ្យដើរពាសវាលពាសកាលលើផ្លូវល្បឿន បណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។​

ផ្លូវល្បឿនលឿនដែលទើបសាងសង់រួចរាល់​អាចក្លាយចាផ្លូវប្រវត្តិសាស្រ្តថ្មីមួយរបស់កម្ពុជា ដែល​សាងសង់ថ្មីសន្លាង​ពីភ្នំពេញរហូតដល់ខេត្តព្រះសហនុ។ ប្រជាជនមួយចំនួនដែលរស់នៅតាមដងផ្លូវល្បឿនលឿនរមែងមានទំនុកចិត្ត​ថា ផ្លូវនេះនឹងក្លាយជាផ្លូវសេដ្ឋកិច្ច និងពួកគេរំពឹងថាដីធ្លី ផ្ទះសម្បែងក៏ហក់ឡើងថ្លៃ ព្រោះតំបន់ខ្លះនៅឆ្ងាយពីផ្លូវជាតិ តែផ្លូវល្បឿនបានទម្លុះទម្លាយ មកក្បែរផ្ទះនិងដីរបស់ខ្លួន គឺជាដង្ហើមសេដ្ឋកិច្ចរបស់ពួកគេ។​

ការយល់ឃើញរបស់មហាជនមួយចំនួនតូចនេះហើយ ពួកគេ​មិនគិតដល់រឿងគ្រោះថ្នាក់ផ្សេងៗនោះទេ ដូចជា កត្តាចរាចរណ៍ ខណៈការរស់នៅប្រចាំថ្ងៃពីមុនមករមែងប្រលែងគោតាម​ផ្លូវ និងក្មេងៗរត់លេងក្នុងភូមិ ដោយមិនមានគ្រោះថ្នាក់អ្វីនោះទេ។ ទម្លាប់នេះហើយ​ធ្វើឲ្យ​ប្រជាជនមួយចំនួនភ្លេចគិតអំពីគ្រោះថ្នាក់ចរាចរណ៍ បានជាប្រលែងគោ​ដើរពាសវាលពាសកាល​លើផ្លូវល្បឿន ខណៈផ្លូវនេះមិនទាន់បើកដំណើរការផ្លូវការផង ក៏មានអ្នកសាកល្បង ហើយបើកបរលឿនៗ ញាំងឲ្យបុកគោ គ្រោះថ្នាក់​ចរាចរណ៍ជាដើម។​

ក្រៅពីប្រលែងគោដើរពាសវាលពាសកាល គ្មានសណ្ដាប់ធ្នាប់បង្កជាហានិភ័យចរាចរណ៍ និងសោភណ្ឌភាព​ផ្សេងៗនោះ ប្រជាជនមួយចំនួន​ហ៊ានកាត់របងលួស​ដើម្បីយក​របស់របរ​មកលក់ដូរនៅក្បែរផ្លូវល្បឿន ដោយយល់ថា អ្នកដំណើរ​ទំនង​ជាត្រូវការរបស់ទាំងនោះ។ ប៉ុន្ដែពួកគេបានភ្លេចគិតអំពី​គ្រោះថ្នាក់ផ្សេងៗ​ និងបង្កអនាធិបតេយ្យ ខូចសណ្ដាប់ធ្នាប់ ខណៈផ្លូវល្បឿនលឿននេះ គេមិនមែនចេះតែឲ្យឈប់ផ្ដេសផ្ដាស់តាមការចង់​ដូចផ្លូវធម្មតាឡើយ។ អ្នកភូមិយល់ត្រឹមថា ផ្លូវនេះគឺជាដង្ហើមសេដ្ឋកិច្ច អាចយករបស់របរ​ដែលមាននៅជុំវិញផ្ទះ ជាពិសេសរបស់​ធម្មជាតិ ដែលអ្នករមែងចង់បានបន្លែ ផ្លែឈើ និងត្រីធម្មជាតិជាដើម។​

តើត្រូវធ្វើយ៉ាងណាដើម្បីទប់ស្កាត់រឿងនេះកុំឲ្យកាន់តែធ្ងន់ធ្ងរ? ខ្ញុំយល់ថា ក្រសួងសាធារណការនិងដឹកជញ្ជូន អាជ្ញាធរមូលដ្ឋាន​ដែលពាក់ព័ន្ធ ត្រូវបង្កើនការផ្សព្វផ្សាយ និងព្រមាន​ពីផ្លូវច្បាប់​ដើម្បី​ឲ្យប្រជាជនក្នុងភូមិយល់ដឹង អំពីកុំហុសឆ្គង​របស់ពួកគេ។ ទន្ទឹមនឹងនេះ ត្រូវបង្ហាញអំពីលក្ខខណ្ឌចៀសវាងមួយចំនួន​នៅក្នុងការប្រើប្រាស់ដងផ្លូវមិនត្រឹមត្រូវ ផលិតវីដេអូអប់រំផ្សព្វផ្សាយតាមសារព័ត៌មាន និងទូរទស្សន៍ និង ការចុះអប់រំផ្ទាល់ ដើម្បីឲ្យប្រជាជនយល់ដឹង​កាន់តែច្រើន​អំពីផលប៉ះពាល់ នៃការប្រើប្រាស់​ផ្លូវល្បឿនមិនប្រក្រតីជាដើម។​

នេះគ្រាន់តែជាគំនិតខ្ញុំមួយប៉ុណ្ណោះ នៅពេលដែលខ្ញុំបានឃើញសារព័ត៌មានចុះផ្សាយពី​គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿន ហើយក៏បានប្រទះឃើញរូបភាពជាច្រើនសន្លឹក ដែលអ្នកភូមិលួចកាត់លួសរបង​ដើម្បីយកឥវ៉ាន់មកលក់ដូរ ដែលខ្ញុំយល់ថា វាជាហានិភ័យខ្ពស់​សម្រាប់ពួកគាត់ផង និងខូចសណ្ដាប់ធ្នាប់ ព្រមទាំងសោភណ្ឌភាពផ្សេងៗផង។ ប្រសិនបើការយល់ឃើញរបស់ខ្ញុំមិនត្រូវ ខ្ញុំសូមការយោគយល់ និងអធ្យាស្រ័យពីមហាជនទាំងអស់គ្នា។

ចុះអ្នកវិញ?

Share.