ប្រិយមិត្ត​អ្នក​និយម​គាំទ្រ​រឿង​ភាគ​ខ្មែរ​ប្រាកដ​ជា​​ស្គាល់​ច្បាស់​តារា​សម្ដែង​ស្រី​ កុសម៉ា ភីរ៉ាផា ព្រោះ​កញ្ញា​ដ៏​សោភា​រូប​នេះ​ ​ធ្លាប់​សម្ដែង​រឿង​ភាគ​ជា​ច្រើន​រឿង​មក​ហើយ​។ យ៉ាង​ណា​មិញ​ស្រី​ស្អាត​រូប​នេះ​ច្រើន​តែ​ត្រូវ​បាន​អ្នក​ទស្សនា​និង​អ្នក​គាំទ្រ​លើក​ឡើង​ថា​មាន​មុខ​ស្រដៀង​នឹង​តួ​ឯក​ស្រី​រូប​របស់​ប្រទេស​ថៃ​។

សូមចុចអាន៖ លោក ​មុំ សុទ្ធារ៉ា ​រំពឹង​ខ្ពស់​លើ​រឿង​ព្រេង​និទាន​បុរាណ​​ខ្មែរ ​«សុភាសិត​​៣០​​តម្លឹង​»​​​!

កំពុង​បង្ហាញ​ស្នាដៃ​សម្ដែង​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ជាមួយ​នឹង​តួ​អង្គ​ម៉ាឡែន​នៅ​ក្នុង​រឿង​ភាគ​ «មន្ត​ស្នេហ៍​ចៅស្រី​» ដែល​កំពុង​តែ​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​PNN រៀងរាល់​ថ្ងៃ​ច័ន្ទ​ដល់​ព្រហស្បតិ៍​ កញ្ញា​ កុសម៉ា ភីរ៉ាផា តែង​តែ​ត្រូវ​បាន​អ្នក​ទស្សនា​លើក​ឡើង​ថា​ កញ្ញា​មាន​មុខមាត់​ស្អាត​ នឹង​ស្រដៀង​ទៅ​នឹង​តារា​ស្រី​រូប​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​និង​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​ថៃ​។

តារា​ទីមួយ​ដែល​ហ្វេន​លើក​ឡើង​តាម​រយៈ​ Comment នៅ​ខាង​ក្រោម​រូប​របស់​កញ្ញា​បាន​និយាយ​ថា​កញ្ញា​មាន​មុខ​ដូច​តារា​ឯក​ស្រី​ប្រចាំ​ប៉ុស្ដិ៍​លេខ​៣​ថៃ​ (CH3) អ្នក​នាង​ Pat Napapa Tantrakul (ณปภา ตันตระกูล ) តែ​ក៏​មាន​អ្នក​ខ្លះ​បាន​លើក​ឡើង​ដែរ​ថា​កញ្ញា​ កុសម៉ា​មាន​មុខ​ស្រដៀង​នឹង​តួ​ស្រី​ My Husband in Law អ្នក​នាង​ Mew Nittha តារា​សម្ដែង​រួម​ទ្រនំ​ជាមួយ​នឹង​អ្នក​នាង​ Pat Napapa ខណៈ​អ្នក​​មួយ​ចំនួន​ទៀត​បាន​លើក​ឡើង​ថា​ កញ្ញា​មាន​មុខ​ស្រដៀង​នឹង​តួ​ឯក​ស្រី​ Preaw Tussaneeya Karnsomnut ( ทัศนียา การสมนุช) តួ​ឯក​ស្រី​ឈាន​មុខ​របស់​ប៉ុស្ដិ៍​លេខ​៧ថៃ​​​ (CH7) ផង​ដែរ​។

ចំពោះ​សាមី​ខ្លួន​បាន​ឆ្លើយ​ប្រាប់​សារព័ត៌មាន​ត្រយង​ញូវស៍​ថា​ កញ្ញា​ឧស្សាហ៍​ឮ​អ្នក​គាំទ្រ​លើក​ឡើង​ថាកញ្ញា​មាន​មុខ​មាត់​ស្រដៀង​នឹង​តារា​ស្រី​ថៃ​ ប៉ុន្តែ​ខ្លួន​កញ្ញា​ផ្ទាល់​មិន​សូវ​បាន​ចាប់​អារម្មណ៍​​ថា​ខ្លួនឯង​មាន​មុខ​មាត់​ស្រដៀង​នឹង​តារា​រូប​ណា​នោះ​ឡើយ​។ កញ្ញា​កុសម៉ា​ បាន​បន្ថែម​ឱ្យ​ដឹង​ដែរ​ថា​ មាន​អ្នក​បាន​ជួប​កញ្ញា​ផ្ទាល់​ៗ ​បាន​និយាយ​ចំពោះ​មុខ​កញ្ញា​តែ​ម្ដង​ថា​ កញ្ញា​មាន​មុខ​ដូច​តួ​ស្រី​ថៃ​ដែល​ខ្លួន​បាន​ទស្សនា​លើ​ទូរទស្សន៍។​​

កញ្ញា កុសម៉ា ​ក៏បាន​ថ្លែង​ឱ្យ​ដឹង​ដែរ​ថា​ចំពោះ​កញ្ញា​ផ្ទាល់​ ​មិនហ៊ាន​អះអាង​ថា​កញ្ញា​ ពិត​ជា​មាន​មុខ​មាត់​ដូច​តារា​ស្រី​ដែល​អ្នក​គាំទ្រ​បាន​លើក​ឡើង​នោះ​ទេ​ អាស្រ័យ​លើ​អ្នក​ទស្សនា​ជា​កាត់​សេចក្ដី​ថា​កញ្ញា​ពិត​ជា​មាន​មុខ​ដូច​នឹង​តារា​ស្រី​ថៃ​ទាំង​៣​រូប​នោះ​ឬ​អត់​?​

បច្ចុប្បន្ន​ស្រី​ស្អាត​ កុសម៉ា ភីរ៉ាផា ​កំពុង​តែ​មមាញឹក​ថត​ភាពយន្ត​​ភាគ​បុរាណ​បែប​ព្រេង​និទាន​របស់​ស្ថានីយ​ទូរទស្សន៍​ CTN រឿង​ «សុភា​សិត​៣០​តម្លឹង​» ដើម្បី​ត្រៀម​បញ្ចាំង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​៕

Telegram-Troryorng
Share.