ក្រុមកីឡាបាល់បោះជម្រើសជាតិឥណ្ឌូនេស៊ី នឹងរៀបចំបោះជំរំហ្វឹកហាត់ នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ដើម្បីត្រៀមខ្លួនសម្រាប់ការការពារមេដាយមាសរបស់ខ្លួន ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

តាមការគ្រោងទុក ក្រុមជម្រើសជាតិបាល់បោះឥណ្ឌូនេស៊ី នឹងចេញដំណើរបោះជំរំហ្វឹកហាត់ នៅទីក្រុង Las Vegas នាខែតុលា ឆ្នាំ២០២២។ លោក Milos Pejic គ្រូបង្វឹកក្រុមបាល់បោះជម្រើសជាតិឥណ្ឌូនេស៊ី ត្រូវបានគេរាយការណ៍ថា នឹងនាំជ្រើសរើសកីឡាករចំនួន១៧រូបដើម្បីចេញទៅហ្វឹកហាត់ដ៏មានសារសំខាន់នេះលើទឹកដីអាមេរិក។

ជាងនេះទៅទៀត ក្រុមបាល់បោះជម្រើសជាតិឥណ្ឌូនេស៊ី មានបន្ទុកធ្ងន់នៅស៊ីហ្គេមពេលក្រោយ ពីព្រោះពួកគេត្រូវការពារមេដាយមាស ដែលពួកគេទទួលបាននៅស៊ីហ្គេម ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) នៅវៀតណាម កាលពីខែឧសភាកន្លងទៅ។

មុនពេលចាកចេញទៅកាន់ទីក្រុង Las Vegas ក្រុមបាល់បោះជម្រើសជាតិឥណ្ឌូនេស៊ី មានកីឡាករចំនួន ២០រូបដែលត្រូវបានកោះហៅឱ្យឆ្លងកាត់ដំណាក់កាលដំបូងនៃការជ្រើសរើស នៅក្នុងទីក្រុងហ្សាកាតា ប៉ុន្តែចំនួននោះនឹងថយចុះ មុនពេលធ្វើដំណើរទៅទីក្រុង Las Vegas។

គ្រូបង្វឹក លោក Milos ក៏សង្ឃឹមថា ក្នុងរយៈពេល១០ថ្ងៃទៀត លោកអាចធ្វើដំណើរទៅ Las Vegas ហើយបានពន្យល់ថា លោកនឹងជ្រើសរើសកីឡាករ១៥ ឬ ១៧រូប ទៅសហរដ្ឋអាមេរិក។ «ឥឡូវនេះយើងនៅទីក្រុងហ្សាកាតា ខ្ញុំសង្ឃឹមថា ក្នុងរយៈពេល១០ ថ្ងៃទៀត យើងនឹងចាកចេញពីទីក្រុងហ្សាកាតា ហើយចាប់ផ្តើមហ្វឹកហាត់របស់យើង នៅ Las Vegas តែម្តង។ យើងនឹងជ្រើសរើសកីឡាករ១៥ ឬ ១៧រូបសម្រាប់ការបោះជំរំហ្វឹកហាត់នេះ»។ លោក Milos បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារ៍។

ទីក្រុង Las Vegas ត្រូវបានជ្រើសរើសដោយសារតែគ្រូបង្វឹកដដែលរូបនេះអះអាងថា លោកចង់ឃើញកីឡាករវ័យក្មេងដែលមានដើមកំណើតឥណ្ឌូនេស៊ីរស់នៅសហរដ្ឋអាមេរិក ចូលសញ្ជាតិ និងជួយក្រុមជម្រើសជាតិនាពេលអនាគត។

ឥណ្ឌូនេស៊ី គឺជាក្រុមការពារមេដាយមាស ដែលទើបតែឈ្នះលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ខណៈ ១៣លើកជាប់ៗគ្នាកន្លងមកនេះ គ្រប់គ្រងដោយ ហ្វីលីពីន តែមួយគត់៕

រូបភាព៖ Cambodia 2023

Share.