ឧត្តរមានជ័យ ៖ យោធិន២រូប បម្រើការងារនៅអង្គភាពវេសេនាតូចលេខ៤២២ កងពលតូចថ្មើរជើងលេខ៤២ បានពលីដោយសារលង់ទឹក ខណៈដែលចុះជួយសង្គ្រោះក្មេង២នាក់លង់ទឹក នៅចំណុចអាងអង្រ្កង ភូមិអង្ក្រង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្រមានជ័យ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្មេងប្រុសលង់ទឹកត្រូវបានជួយសង្គ្រោះ មានជីវិត ក៏ប៉ុន្តែជាអកុសល អ្នកដែលចុះជួយ យោធិន២រូបនោះ បែជាលង់ស្លាប់លិចបាត់ទៅវិញ បង្កឲ្យភ្ញាក់ផ្អើល កម្លាំងរាវរកជាច្រើននាក់ ស្វែងរក រហូតដល់វេលាម៉ោង១១ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ រកឃើញសពយោធិនម្នាក់ហើយ នៅឡើយម្នាក់ទៀតរកមិនទាន់ឃើញ ។

យោធិនទាំង២រូប លង់ទឹកស្លាប់ ទី១ ឈ្មោះ វ៉ាន់ ថុល ភេទប្រុស អាយុ២៣ឆ្នាំ ឋាន្តរសក្តិ ពលទោ យោធិនបំពេញក្របខណ្ឌថ្មី នៅកងអនុសេនាតូចការពារ វរសេនាតូចលេខ៤២២ នៃកងពលតូចថ្មើរជើងលេខ៤២ (បានរកសពឃើញហើយ) ។ ទី២ យោធិន ឈ្មោះ ឈន សុីដេត ឋានន្តរសក្តិ ពលបាលឯក មុខងារយុទ្ធជន នៅអង្គភាពកងអនុសេនាតូចការពារ វរសេនាតូចលេខ៤២២ នៃកងពលតូចថ្មើរជើងលេខ៤២ បានបាត់ខ្លួនពុំទាន់រកឃើញនៅឡើយទេ ។

តាមលោកឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ ជាមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងយោធា របស់កងពលតូចថ្មើរជើងលេខ៤២ បានចុះពិនិត្យមើលស្ថានភាពទឹកជំនន់ក្នុងភូមិសាស្រ្ត ហើយក៏បានប្រទះឃើញក្មេងប្រុស២នាក់ ជាកូនចៅអ្នកស្រុក បានលង់ទឹក ឃើញដូច្នោះ យោធិន២នាក់ខាងលើបានចុះជួយ សង្គ្រោះបានហើយ ក្មេងឡើងគោករួចផុតពីសេចក្តីស្លាប់ បែជាយោធិនម្នាក់ រអិលរបូតដៃ ចូលទឹកទីជ្រៅ ហើយត្រូវបានម្នាក់ទៀតស្រវាចាប់ លង់លិចទៅទាំង២នាក់ ។

ក្រោយពីបាត់ខ្លួនយោធិនទាំង២នាក់ កម្លាំងយោធា នាំគ្នារាវរក រហូតដល់ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ រកឃើញសពយោធិនម្នាក់ឈ្មោះ វ៉ាន់ ថុល រួចស្រង់ឡើងគោក ចំណែកសពយោធិនឈ្មោះ ឈន សុីដេត កម្លាំងនៅបន្តស្វែងរកនៅឡើយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.