អតីត​តារា​សម្ដែង​ល្បី​ និង ​បច្ចុប្បន្ន​ជា​អ្នក​គ្រប់​គ្រង​ស្ថានីយ​ទូរទស្សន៍​ TVB លោក​ Eric Tang កំពុង​តែ​រង​ព្យុះ​ភ្លៀង​ដោយ​សារ​ពាក្យ​សម្ដី​រិះគន់​ពី​សាធារណមតិ​ ក្រោយ​រូប​ភាព​ឱប​និង​ថើប​នារី​ម៉ូដែល​វ័យ​ក្មេង​បាន​ផ្សព្វផ្សាយ​ចេញ​មក​ខាង​ក្រៅ​។

កាល​ពី​ថ្មីៗ​នេះ រូប​ភាព​​អតីត​តារា​​សម្ដែង​វ័យ ​៦៩​ឆ្នាំ​ ក្នុង​កម្មវិធី​ខួប​កំណើត​របស់​តារា​ម៉ូដែល​ Lebara គម្រប់​វ័យ​២៦​ឆ្នាំ​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ដោយ​ក្នុង​រូបភាព​និង​វីដេអូ​បាន​បង្ហាញ​ថា​លោក​ Eric Tang បាន​ឱប​ក​និង​ថើប ជិត​រឹមតារា​ម៉ូដែល​រូប​នោះ​ ថែម​ទាំង​បាន​ផ្លុំ​ទាន​នំ​ខួប​កំណើត​រួម​គ្នា​ទៀត​ផង​។

Lebara បាន​បង្ហោះ​វីដេអូ​ខួប​កំណើត​ខ្លួន​ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ ដោយ​សរសេរ​ភ្ជាប់​ថា​៖ «ឆ្នាំ​នេះ​ខ្ញុំ​បាន​ផ្លុំ​ទៀន​ជាមួយ​នឹង​ Eric Tang ហើយ​គាត់​ថែម​ទាំង​ជូន​ពរ​ខួប​កំណើត​ខ្ញុំ​ទៀត​ផង​។ ក្ដី​ប្រាថ្នា​ខ្ញុំ​ឆ្នាំ​នេះ​គឺសុំ​ឱ្យ​ពិភព​លោក​មាន​សន្តិភាព​និង​មិនមាន​ការ​ស្អប់​គ្នា​»

រូប​ភាព​ដ៏​រីករាយ​នេះ​បាន​ក្លាយ​ជា​ប្រភព​នាំ​នូវ​មតិរិះគន់​មក​ដល់​ខ្លួន​របស់​តារា​ជើង​ចាស់​រូប​នេះ​ ដោយ​សាធារណជន​បាន​បញ្ចេញ​ជា​យោបល់​ថា​ សកម្មភាព​និង​ទង្វើ​របស់​លោក​ហាក់​ដូច​ជា​ជ្រុល​ហួសហេតុ​ពេក​ ដូច្នេះ​ក្នុង​នាម​លោក​ជា​អ្នក​គ្រប់​គ្រង​ TVB ក៏​ដូច​ជា​តារា​មួយ​ដួង​ដែរ​នោះ​ គួរ​ឱ្យ​ប្រយ័ត្ន​ប្រយែង​ចំពោះ​រាល់​សកម្មភាព​និង​ពាក្យ​សម្ដី​របស់​ខ្លួន​។

បើ​ងាក​មក​សាមី​ខ្លួន​ដែល​កំពុង​រងនូវ​ការ​រិះគន់​យ៉ាង​ដំណំ​នោះ​ លោក​បាន​ទម្លាយ​ឱ្យ​ដឹង​នៅ​ក្នុង​បទ​សម្ភាសន៍​មួយនា​កម្មវិធី​ប្រកួត​ចម្រៀង​ Star academy 2 ​ថា​ លោក​ និង​ម្ចាស់​ខួប​កំណើត​មិន​បាន​ស្គាល់​គ្នា​ជា​ឯកជន​នោះ​ឡើយ​ ហើយ​សកម្មភាព​របស់​លោក​នោះ​គឺ​គ្រាន់​តែ​ជា​ការ​ថើប​សាមញ្ញ​មួយ​ជូន​ពរ​ម្ចាស់​ខួប​ប៉ុណ្ណោះ​។

តារា​ជើង​ចាស់រូប​នេះ​បាន​ពន្យល់​ទៀត​ថា​ លោក​ និង​មិត្ត​ភក្ដិ​ពីរបី​នាក់​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ទៅ​ភ្លក់​រសជាតិ​ពងត្រី​ caviar នៅភោជនីយដ្ឋាន​នោះ​ ក្រោយ​មក​ក៏​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​របស់​ Lebara ប៉ុន្តែ​លោក​សូម​អះអាង​ថា​លោក​មិន​បាន​ស្គាល់​ថា​នាង​ជា​អ្នក​ណា​នោះ​ឡើយ​។ លោក​បាន​បន្ត​ទៀត​ថា​ លោក​ថើប​នាង​ដើម្បី​ជា​កាដូ​ខួប​កំណើត​និង​បង្ហាញ​ពី​ភាព​គួរសម​មួយ​ ក្រោយ​ពី​បាន​ច្រៀង​ចម្រៀង​ខួប​កំណើត​រួច​ ម្យ៉ាង​វិញ​ទៀតការ​ថើប​មុខ​គឺជា​ទំរង់​មួយ​បង្ហាញ​ពី​ភាព​គួរ​សម​៕

ប្រភព៖ VNexpress, the stars

Share.