«…ចំណុច​ទី២ គឺ​ជា​វិធានការ​​ពង្រឹង​ក្រម​សីលធម៌​នៃ​ការ​ប្រកួត ! ហេតុ​អ្វី​ទៅ? ដោយ​សារ​តែ​​​បញ្ហា​ការ​ប្រកួត យើង​ឃើញ​ថា​មាន​សោកនាដកម្ម ​នៃ​ការ​ប្រកួត​បាន​កើត​មាន​ឡើង ជា​ពិសេស​ថ្មីៗនេះ​​នៅ​ប្រទេស​ឥណ្ឌូណេស៊ី អំពី​ហិង្សា​និង​ការ​រត់​​ជាន់​គ្នា​ស្លាប់ នៅ​អឺរ៉ុប និង​នៅ​ទ្វីប​ដទៃ​ក៏​មាន​ព្រឹត្តិការណ៍​បែប​នេះ​កើត​ឡើង​ដែរ»។ នេះ​ជា​ប្រសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ពិធី​បើក​មហាសន្និបាត​ក្រុម​ប្រឹក្សាអូឡាំពិក​អាស៊ីលើកទី៤១ (41st OCA GENERAL ASSEMBLY)​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​អង្គារ ​ទី៤ ខែតុលា ឆ្នាំ២០២២​នេះ។

សម្តេច​បញ្ជាក់​នៅ​មុខ​​ថ្នាក់ដឹកនាំ​កីឡា​​មក​ពី​ប្រទេស​ជា​សមាជិក​ទាំង​៥៥​ប្រទេស​ថា៖«ដូច្នេះ​ជា​ការ​ចាំបាច់ ក្នុង​ការ​ពង្រឹង​ក្រម​សីលធម៌​​ អំពី​ការ​ប្រកួត ដែល​មិន​មែន​ដើម្បី​ការ​ឈ្នះ ក៏​ប៉ុន្តែ​​​រំលោភ​បំពាន​លើ​​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​ ឬ ប្រើ​ហិង្សានោះ​ទេ។ ប្រសិន​បើ​តំបន់​អាស៊ី​របស់​យើង​មាន​ភាព​ទន់ខ្សោយ​ខាង​កីឡា​ក៏​ដោយ​ចុះ ប៉ុន្តែ​យើង​មិន​ត្រូវ​ទន់​ខ្សោយ​ខាង​ការ​គ្រប់គ្រង​ការ​រៀបចំ​កីឡា​នោះ​ទេ»។

សូម​បញ្ជាក់​ថា​នេះ​ជា​លើ​ដំបូង​ហើយ​ដែល​ប្រទេស​កម្ពុជា ទទួល​បាន​សិទ្ធិ​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​មហាសន្និបាត​ក្រុម​ប្រឹក្សាអូឡាំពិក​អាស៊ី គឺ​នៅ​លើក​ទី៤១ (41st OCA GENERAL ASSEMBLY) ខណៈ​មាន​របៀបវារៈ​ច្រើន​ត្រូវ​បាន​ដាក់​លើ​តុ​ឱ្យ​ប្រទេស​ជា​សមាជិក​សម្រេច​ក្នុង​មហាសន្និបាត​នេះ។

មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី​ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​សម្រាប់​ការជជែក​ពិភាក្សា​លើ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិកអាស៊ី ហើយ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ។ លើក​នេះ​ មហាសន្និបាត​ មាន​ប្រតិភូ​ផ្នែកកីឡាប្រមាណ ៣៣៦រូប មកពី ៥៥​ប្រទេសជុំវិញពិភពលោក។ ក្នុង​នោះ​មាន​ប្រតិភូមកពីបណ្តាប្រទេសក្រុមប្រឹក្សាអូឡាំពិកអាស៊ី ចំនួន ៤៥ប្រទេស ព្រម​ទាំង​ប្រទេស​ចលនា​អូឡាំពិកអន្តរជាតិ ចូលរួម​សង្កេតការណ៍​ប្រមាណ ១០ប្រទេសទៀត។ ជាមួយ​គ្នា​នោះ​ ក៏​មាន​ប្រតិភូ​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការអូឡាំពិកអន្តរជាតិមួយចំនួនទៀតផងដែរ៕

Share.