លោក ណុប បាយ៉ារិទ្ធ និងលោក ម៉ៃ សុគន្ធ បានប្រតិកម្មប៉ះសម្ដីដាក់គ្នាទៅមកនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ ដោយសាររូបភាពមួយសន្លឹកលោក ណុប បាយ៉ារិទ្ធ បានបង្ហោះនិងមើលទៅស្អាតដូចរូបជាគំនូរ ទើបលោក ម៉ៃ សុគន្ធ បោះសម្ដីយហៅ លោក ណុប បាយ៉ារិទ្ធ ថា «ចែ» ដែលធ្វើឱ្យផ្អើលមហាជនចូលមកតាមដានរឿងនេះ។

នៅពេលនោះ លោក ម៉ៃ សុគន្ធ បានសរសេរសារថា ៖ «Edit ប៉ុន្មានapp ចែ។» ដែលជាសម្ដីធ្វើឱ្យលោក ណុប បាយ៉ារិទ្ធក្ដៅស្លឹកត្រចៀកខ្លាំងមែនទែន។ តារាចម្រៀងនៅផលិតកម្មហង្សមាសមួយរូបនេះ ក៏នៅមិនស្ងៀមដែរ បានបោះសម្ដីបែបប្រៀនប្រដៅឱ្យលោក ម៉ៃ សុគន្ធ ជាហូរហែរតាមរយៈ Comment ។ លោក ណុប បាយ៉ារិទ្ធ បានសង្កត់ធ្ងន់ថា លោកគ្មានពេលទំនេរដើរធ្វើរឿងឥតប្រយោជន៍ និងប៉ះពាល់អ្នកដទៃដូចជា ម៉ៃ សុគន្ធ ឡើយ។

យ៉ាងណាមិញ លោក ម៉ៃ សុគន្ធ ក៏ទ្រាំមិនបានដូចគ្នាដែរចំពោះពាក្យប្រដៅដោយសម្ដីត្រជាក់របស់លោក ណុប បាយ៉ារិទ្ធ ទើបលោកបោះសម្ដីបន្ថែមទៀត ដោយលើកឡើងថា លោក ណុប បាយ៉ារិទ្ធ ជាតារាចម្រៀងប្រុសដែលមានអត្តចរិតញ៉េញ និងធ្លាប់មានរឿងចម្រូងចម្រាស់គ្នាកាលពី២០ឆ្នាំមុន នៅពេលច្រៀងនៅរង្គសាលមួយរួមគ្នា។

លោក ម៉ៃ សុគន្ធ ទម្លាយឡើងថា ៖ «Nop Bayyareth កាលមុនអ្នកចាំទេ កាលដែលខ្ញុំជាអ្នកច្រៀងនៅនាគព័ទ្ធ អ្នកណាគេ ហក់មកចោទចាក់រុកឆ្កៀលខ្ញុំទាំងដែលខ្ញុំ មិនដឹងរឿងសោះ ពីបុគ្គលម្នាក់នោះស្តាយដែលកាលនោះ ប្រព័ន្ធសង្គមមិនទាន់រីកចំរើន តែកាលនោះ អ្នកណាទៅញិញហ្មងមកដល់ហាងខ្ញុំច្រៀង»។

ប៉ុន្តែលោក ណុប បាយ៉ារិទ្ធ បានសួរបញ្ជាក់ទៅ ម៉ៃ សុគន្ធ វិញថា ៖ «May Sokun ប្រយ័ត្នច្រឡំខ្លួនឯង ឬជឿតាមអ្នកណា ជារឿងមួយផ្សេង មានរឿងអីសួរខ្ញុំផ្ទាល់មាត់ »។ តែលោកតបថា « Nop Bayyareth អាជីព អ្នកទើស😈 កាលនៅនាគព័ន្ធ ចាំអត់ភ្លេចទេ»។

លោក ណុប បាយ៉ារិទ្ធ សង្កត់ពាក្យឱ្យ ម៉ៃ សុគន្ធ វិញដែរថា ៖ «May Sokun ធ្វើល្អ ធ្វើត្រូវទើបកម្មពៀមិនតាមទាន់ 😊😊😊»។… «May Sokun អ្នកមានអាជីពអ្វី គឺដូចអន្ទង់ចាក់ចឹង និងនៅមិនសុខទេ ហ្នឹងជាការពិត »។

យ៉ាងណាមិញ ក្រោយផ្ទុះសង្គ្រាមពាក្យសម្ដីរបស់តារាចម្រៀងទាំងពីរនាក់នេះនៅលើបណ្ដាញសង្គមហ្វេសប៊ុក គេស្រាប់តែឃើញមហាជនអ្នកលេងបណ្ដាញសង្គមផ្ដាំទៅលោក ណុប បាយ៉ារិទ្ធ ថា កុំឱ្យខ្វល់ជាមួយលោក ម៉ៃ សុគន្ធ ព្រោះអតីតតារាចម្រៀងប្រុសរូបនេះបានក្លាយខ្លួនជាបុគ្គលពូកែទើសនៅលើបណ្ដាញសង្គមទៅហើយ៕

Share.