អតីតតារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN នាយ ពែកមី បានសារភាពប្រាប់ថា លោកបានបណ្ដុះភរិយារបស់លោកឱ្យក្លាយជា «អ្នកសម្ដែង» នាពេលថ្មីៗនេះ បន្ទាប់ពីវីដេអូកំប្លែងខ្លីរបស់លោកជាមួយភរិយាមានការគាំទ្រច្រើន និងមានក្រុមហ៊ុន ​Sponsor​ ហូរចូលដូចទឹក។

ការបង្កើតវីដេអូ និង Content ប្លែកៗនៅលើបណ្ដាញសង្គមទាំង Facebook និង TikTok មិនមែនជារឿងងាយនឹងឱ្យអ្នកលេងបណ្ដាសង្គមទាក់ចិត្តនោះទេ។ ព្រោះថា នៅពេលដែលលោកផលិតវីដេអូដែលមានគុណភាព និងត្រូវស្ដង់ដាតាមក្បួនខ្នាតវីដេអូ នោះគឺគ្មានអ្នកគាំទ្រមើលច្រើនដូចជាវីដេអូមិនផ្លូវការដែរ។ នេះបើតាមសម្ដីលោកពែកមីបាននិយាយនៅពេលសម្ភាសជាមួយកម្មវិធី Let’s Chat Don’t Cheat !។

នាយ ពែកមី បានរៀបរាប់ទៀតថា មូលហេតុដែលលោកជ្រើសរើសការបណ្ដុះភរិយាឱ្យមានសមត្ថភាពក្នុងការសម្ដែង ហើយមិនជ្រើសរើសតួសម្ដែងអាជីពមកផលិតជាវីដេអូជាមួយនេះ ក៏ព្រោះតែ អ្នកលេងបណ្ដាញសង្គមនាពេលបច្ចុប្បន្ននេះចូលចិត្តទស្សនាអ្វីដែលជាជីវិតពិត និងឯកជនភាពរបស់លោក ទើបលោកហៅប្រពន្ធឱ្យមកសម្ដែងតែម្ដង។ លោកបញ្ជាក់ ប្រពន្ធលោកមិនធ្លាប់សម្ដែងពីមុនមកទេ ប៉ុន្តែគាត់មានសមត្ថភាពធម្មជាតិមួយដែលធ្វើឱ្យការលេង ឬសម្ដែង នៅក្នុងវីដេអូជាមួយលោកមើលទៅដូចធម្មតាៗ ធម្មជាតិៗហើយស្ដែងចេញពីជីវិតពិតៗ។

ទាក់ទិននឹងការសម្ដែងរបស់ភិយា លោក ពែកមី ក៏បានអះអាងថា លោកក៏ធ្លាប់ជាអ្នកដឹកនាំរឿង និងជាផលិតករភាពយន្តល្បីៗមួយចំនួនដែរ ក៏​ប៉ុន្តែការធ្វើការងារថតវីដេអូជាមួយប្រពន្ធលោក គឺមិនចំណាយពេលច្រើន និងពិបាកសរសេរស្គ្រីបរឿងអីទេ ពោលគឺលោកគ្រាន់តែពន្យល់ពីស្ថានភាពសាច់រឿងទៅឱ្យប្រពន្ធយល់ និងសម្ដែងតាមសម្ដីពិតរបស់គាត់តែម្ដង ដោយមិនមានការកាត់តច្រើនទេ។

ជាក់ស្ដែងវីដេអូល្បីៗដែលលោកសម្ដែងជាមួយភរិយាដែលមានការគាំទ្រច្រើន និងមានបណ្ដាក្រុមហ៊ុន ​Sponsor ទាក់ទងឱ្យលោកផលិតវីដេអូនោះមានដូចជា វីដេអូ «មានស្រីបាន​ហាមចិញ្ចឹម​ ហាមយកជាប់ ហាមទិញរបស់ថ្លៃៗអោយ» ​វីដេអូ «មិនចង់អោយកូន​ មានទម្លាប់ខ្ចីរបស់គេទេ» វីដេអូ «ទាលុយ​ មុខគេមុខឯង​ បិតឈប់ថត​» និងជាពិសេសវីដេអូដែលពាក់ព័ន្ធជាមួយជីវិតឯកជនគ្រួសាររបស់លោក។ លោកថា ការប្រម៉ូដឱ្យក្រុមហ៊ុន ​Sponsor​ គឺមិនចាំបាច់ស្រែកប្រម៉ូដអីទេ គឺគ្រាន់តែចុះទៅថតនៅទីតាំងផ្ទាល់ ហើយបង្កើតសាច់រឿងមួយដែលទាក់ទាញ នោះគ្រាប់គ្រាន់ហើយ។

សូមជម្រាបថា នាយ ពែកមី មិនបានបញ្ជាក់អំពីចំណូលដែលលោករកបានពីក្រុមហ៊ុន ​Sponsor នីមួយៗឱ្យមហាជនដឹងទេ ក៏ប៉ុន្តែតាមការសង្កេតគេឃើញមានក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុនលក់ម៉ូតូ ភោជនីយដ្ឋាន ធនាគារ ជាដើម ដែលសុំឱ្យលោកផលិតជាវីដេអូប្រម៉ូដ។ មួយវិញទៀត វីដេអូដែលលោក ពែកមី បានផលិតគឺមានអ្ន​កទស្សនាដល់ខ្ទង់លាន Views។

ការដែលនាយ ពែកមី ងាកមកធ្វើជា Content Creator នៅលើបណ្ដាញសង្គមដោយខ្លួនបែបនេះ គឺក្រោយពេលដែលលោកបានសម្រេចចិត្តបញ្ចប់ការងារជាមួយស្ថានីយទូរទស្សន៍ CTN។

Share.