កាល​ពី​ថ្ងៃ​៥​ខែ​មិថុនា​កន្លង​ទៅ​ថ្មី​ៗ​នេះ​ សារព័ត៌មាន​កោះតៃវ៉ាន់​បាន​ផ្សាយ​ថា​ Barbie Hsu (សាន់ឆាយ) ​និង​ស្វាមី​​អ្នក​ជំនួញ​របស់​នាង​លោក​ Wang Xiafei បាន​លែងលះ​គ្នា​ហើយ​ ដោយ​ Barbie បាន​ប្រកាស​ទៀត​​ខ្លួន​កំពុង​ដំណើរ​ការ​លែងលះ​ខណៈ​ស្វាមី​របស់​នាង​បាន​បង្ហើប​ឱ្យ​ដឹង​ថា​រូប​លោក​មិន​បាន​ដឹង​ពី​រឿង​លែងលះ​នេះ​ទេ​។

សូមចុចអាន៖ ស្វាមី​តួ​ឯក​ស្រី​ «សង្សារ​ខ្ញុំ​ជា​បុរស​ភព​ផ្កាយ​» ប្រើ​​រូប​តុក្កតា ​ឆ្លើយ​តប​នឹង​ព័ត៌មាន​អាស្រូវ​​លែងលះ! ​​

ខណៈ​ម្ដាយ​របស់​តារា​ស្រី​រូប​នេះ​បាន​ឱ្យ​ដឹង​ថា​ សាន់​ឆាយ​ និង​ ស្វាមី​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​១០​ឆ្នាំ​ហើយ​ ម្យ៉ាង​ទៀត​ថ្មី​ៗ​នេះ​ អ្នក​ទាំងពីរ​បាន​ឈ្លោះ​ប្រកែក​គ្នា​ ដែល​ធ្វើ​ឱ្យ​ Barbie កើត​គំនិត​ចង់​បែក​គ្នា​។ អ្នក​ម្ដាយ​តារា​រូប​នេះ​បាន​ពោល​ថា​៖ «ពាក្យ​សំដី​ដែល​ Barbie (សាន់ឆាយ) ​និយាយ​កើត​ចេញ​ពី​កំហឹង លែងលះ​ស្អី?​ ខ្ញុំ​នឹង​និយាយ​ជា​មួយ​ Barbie ពួក​គេ​ពីរ​នាក់​នោះ​បារម្ភ​ពី​កូន​របស់​ពួក​គេ​ ខ្ញុំ​នឹង​ឃាត់​អ្នក​ទាំង​ពីរ​នោះ​ទុក​»។ ចំណែក​អ្នក​ចាត់​ការ​របស់​នាង​ Liao Weigi បាន​និយាយ​ថា​ «តើ​គូ​ស្វាមី​ណា​មិន​ធ្លាប់​ឈ្លោះ​ប្រកែក​គ្នា​? រឿង​គ្មាន​អី​ធំដុំ​នោះ​ទេ​»

ងាក​មក​ស្វាមី​របស់​សាន់ឆាយ​លោក​ Wang Xiaofei បាន​ពន្យល់​ពី​បញ្ហា​នេះ​តាម​រយៈ​សំណេរ​មួយ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ថា​៖ «ដោយ​សារ​តែ​ខ្ញុំ​បារម្ភ​ពី​គ្រួសារ​ខ្លាំង​ពេក​ ធ្វើ​ឱ្យ​ម្សិលមិញ​ខ្ញុំ​បាន​ប្រើប្រាស់​ពាក្យ​សំដី​អាក្រក់​។ ក្នុង​ស្ថា​នភាព​ជំងឺ​រាតត្បាត​បែបនេះ​ មនុស្ស​យើង​ងាយ​នឹង​បាត់បង់​ម្ចាស់​ការ​ណាស់​។ ខ្ញុំ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​មាន​សុវត្ថិភាព​និង​សុខភាព​ល្អ​។​»

រំលឹក​ឡើង​វិញ​តារា​ស្រី​ Barbie Hsu និង​ស្វាមី​លោក​ Wang Xiaofei បាន​ស្គាល់​គ្នា​​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១០​ នៅ​ក្នុង​កម្មវិធី​ខួប​កំណើត​តារា​ស្រី​ Andy An នៅ​ទីនោះ​អ្នក​ទាំងពីរ​អាច​និយាយ​បាន​ថា​ជួប​គ្នា​ភ្លាម​ស្រលាញ់​ភ្លែត​ បន្ទាប់​ពី​នោះ​មក​៤​ម៉ោង​ អ្នក​ទាំងពីរ​ចាប់​ផ្ដើម​ទាក់ទង​គ្នា​ បន្ត​មក​ទៀត​២០​ថ្ងៃ​ក្រោយ​តារា​ស្រី​រូប​នេះ​បាន​ប្រកាស​ពី​ដំណឹង​ភ្ជាប់ពាក្យ​ជាមួយ​នឹង​លោក​ Xiaofei ក្រោយ​រៀបការ​និង​មាន​កូន​ប្រុស​ស្រី​ Barbie មិន​សូវ​បង្ហាញ​មុខ​លើ​កញ្ចក់​ទូរទស្សន៍​នោះ​ទេ​ដោយ​សារ​រវល់​មើល​ថែទាំ​កូន​របស់​ខ្លួន​៕​

Telegram-Troryorng

Share.