ការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ បានឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីរកឃើញក្រុមទាំង៤ ក្រោយចប់ការប្រកួតសប្តាហ៍ទី២៣ កន្លងទៅនាថ្ងៃពុធ ទី៣១ ខែកញ្ញា ឆ្នាំ២០២២។

ការប្រកួតក្នុងវគ្គ៨ក្រុមកន្លងទៅ ក្លិបបាល់ទាត់វិសាខា ដែលជាក្រុមការពារតំណែងជើងឯក ២សម័យកាលចុងក្រោយកាលកន្លងទៅ បានយកឈ្នះ កងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៣ទល់នឹង១ កាលពីជើងទី១ ។ ត្រឡប់ទៅជើងទី២វិញ វិសាខា បន្តយកឈ្នះលើកងយោធពលខេមរភូមិន្ទ សារជាថ្មី ដោយលទ្ធផល ៣-០ សរុបលទ្ធផលទាំង២ជើង ៦ទល់១។

ក្រុមមានមូលដ្ឋាននៅតំបន់បឹងស្នោរ បឹងកេត បានយកឈ្នះ ក្លិបមានមូលដ្ឋាននៅក្រុងខេមរភូមិន្ទកោះកុងអេហ្វស៊ី ក្នុងលទ្ធផលទាំង២ជើង ៥ ទល់នឹង៣ ដែលកាលពីជើងទី១ លទ្ធផល ២ ទល់នឹង ០។ ចូលដល់ជើងទី២ កោះកុងអេហ្វស៊ី រកបានគ្រាប់បាល់ត្រឡប់មកវិញនៅទឹកដីខេមបូឌាអ៊ែរវ៉ែ ចំនួន៣គ្រាប់ តែជាលទ្ធផលចប់ការប្រកួត បញ្ចប់ត្រឹម ៣ទល់៣។ ណាហ្គាវើលដ៍ និងភ្នំពេញក្រោន គឺជាជំនួបដែលគ្មានគ្រាប់បាល់ទាំង ២ជើង ពោលត្រូវបន្តដល់ការទាត់បាល់១១ម៉ែត្រកាត់សេចក្ដីនៅទឹកដីស្តាតចាស់ក្នុងជើងទី២ បន្ទាប់ពីបញ្ចប់៩០នាទីក្នុងលទ្ធផល ០ ទល់នឹង ០ ។ ជាលទ្ធផល បន្ទាប់ពីទាត់៥គ្រាប់ដូចគ្នា ភ្នំពេញក្រោនយកឈ្នះណាហ្គាវើលដ៍ ៤ទល់៣ ។

ជំនួបដ៏គួរឱ្យជក់ចិត្តមួយគូទៀតរវាង អគ្គិសនីកម្ពុជា ជាមួយ ព្រះខ័នរាជស្វាយរៀង ដែលគ្រប់គ្នាសឹងតែរំពឹងថាព្រះខ័នរាជស្វាយរៀងនឹងឡើងទៅវគ្គបន្តាប់ តែផ្ទុយទៅវិញគឺក្លិបបាលល់ទាត់អគ្គិសនីកម្ពុជា ជាក្រុមដែលឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលការប្រកួតកាលពីជើងទី១ នៅកីឡដ្ឋានអគ្គិសនីកម្ពុជាក្រុមទាំងស្មើគ្នា ១ ទល់ ១។ ចូលទៅដល់ជើងទី២ នៅកីឡដ្ឋានខេត្តស្វាយរៀង ក្រោយចប់៤៥នាទីវគ្គទី១ ក្រុមទាំង២ រកបានម្នាក់១គ្រាប់ដូចគ្នា ហើយចូលដល់វគ្គទី២ អគ្គិសនីកម្ពុជា រកបាន២គ្រាប់បន្ថែមទៀត។ លទ្ធផល ១ ទល់ ៣ រក្សា រហូតដល់ចប់ការប្រកួត ធ្វើឱ្យ អគ្គិសនីកម្ពុជា យកឈ្នះ ព្រះខ័នរាជស្វាយរៀង ១ ទល់នឹង ៣។

គួររំលឹកផងដែរថា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ នឹងចាប់ផ្តើមប្រកួតជើងទី១ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ដោយបឹងកេត ប៉ះ អគ្គិសនីកម្ពុជា នៅកីឡដ្ឋាន ខេមបូឌា អ៊ែរវ៉េ វេលាម៉ោង ១៥:០០នាទីរសៀល ហើយភ្នំពេញក្រោន ជួប វិសាខា នៅកីឡដ្ឋាន ស្មាត អរ.អេស.អិន វេលាម៉ោង១៨:៣០នាទីល្ងាច ។

ជើងទី២នឹងធ្វើឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ដោយអគ្គិសនីកម្ពុជា ទទួល បឹងកេត នៅកីឡដ្ឋាន អគ្គិសនីកម្ពុជា វេលាម៉ោង ១៥:៣០នាទីរសៀល រីឯវិសាខា ស្វាគមន៍ ភ្នំពេញក្រោន នៅកីឡដ្ឋាន ព្រីនស៍ វេលាម៉ោង ១៨:៣០នាទីល្ងាច ក្នុងករណីចប់ការប្រកួត ហើយលទ្ធផលសរុបគ្រាប់បាល់ទាំង២ជើងស្មើគ្នា នឹងមានការបន្ថែមម៉ោង ១៥នាទី ២ដង នឹងឈានដល់ការទាត់បាល់១១ម៉ែត្រកាត់សេចក្តី ប្រសិនលទ្ធផលនៅតែស្មើគ្នាក្នុងម៉ោងបន្ថែម ១៥នាទី ២ដង៕

Share.