ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបបាល់ទាត់បឹងកេត និងក្រុមជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា វិលត្រលប់ចូលហ្វឹកហាត់លើទីលានឡើងវិញក្រោយសម្រាកព្យាបាលរបួសសរសៃពួរជង្គង់ (ACL) អស់រយៈពេល៨ខែ។

យោងតាមការបញ្ជាក់របស់កីឡាករ ចាន់ វឌ្ឍនាកា លើគណនីផេកហ្វេសបុកផ្លូវការថា៖«ខ្ញុំដួលនៅទីនេះ ខ្ញុំត្រូវតែចាប់ផ្ដើមនៅកន្លែងនេះ ៨ខែកន្លងផុតទៅក្រោយការវះកាត់សសៃពួរជង្គង់ ចាប់ផ្ដើមថ្ងៃទី១វាប្រាកដណាស់នឹងជួបរឿងពិបាកជាច្រើន តែអ្វីដែលត្រូវធ្វើមានតែការខំប្រឹង ប្ដេជ្ញា វាពេលវេលាមួយដែលខ្ញុំទន្ទឹងរងចាំអស់រយៈពេលយូមកហើយ អរគុណគ្រប់គ្នាដែលបារម្ភ នឹងសួសុខទុក្ខ ពេលនេះខ្ញុំបានត្រលប់មកចូលទីលានហ្វឹកហាត់ជាមួយក្រុមវិញហើយ តែយ៉ាងណាក៏ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីអោយឆាប់បានជួយក្រុមក្នុងការប្រកួត»។

កីឡាកររបស់ក្លិបបឹងកេតរូបនេះ បានរងរបួសនៅក្នុងជំនួបជាមួយ ក្លិបវិសាខា ក្នុងពានរង្វាន់ត្រៀមមុនបើករដូវកាល (Pre-season Cup) កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅកីឡដ្ឋានព្រីនស៍ ហើយតម្រូវឲ្យមានការវះកាត់ និងសម្រាករយៈពេលយូរពី ៦ខែ ទៅ ៨ខែ។

របួសនេះធ្វើឲ្យខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះ អវត្តមានពីពានរង្វាន់សំខាន់ៗជាច្រើនក្នុងឆ្នាំ២០២២ គឺ អាចមួយរដូវកាលពេញ នៃពានខេមបូឌានព្រីមៀរលីគ ក៏ដូចជាពានសម្តេចតេជោ ហ៊ុន សែន, ពានក្រៅស្រុកមានដូចជា វគ្គជម្រុះជុំទី៣ ជើងឯកអាស៊ី (AFC Asian Cup 2023), និងពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ (AFF Suzuki Cup 2022) ជាដើម។

បែបនេះក្ដី នៅឆ្នាំ២០២៣ អាចចាត់ទុកថាជាឆ្នាំនៃការវិលត្រលប់ជាមួយនិងភាពខ្លាំងជាងមុន ប្រសិនបើការព្យាបាលជាសះស្បើយ ១០០ភាគរយ។ គាប់ជួនជាមួយពេលវេលានៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះផងដែរនោះ កីឡាករវ័យ ២៨ឆ្នាំរូបនេះ រំពឹងយកការឈឺចាប់ពីរបួសរយៈពេលយូរកែប្រែប្រវត្តិសាស្តបាល់ទាត់កម្ពុជានៅស៊ីហ្គេម ប្រសិនបើអាចក្លាយជាផ្នែកមួយនៃក្រុម U23 កម្ពុជា ក្នុងនាមជាកីឡាករលើសអាយុ ២៣ឆ្នាំ៕

Share.