«ទិវាគ្រូបង្រៀន» ថ្ងៃទី៥ ខែតុលា គឺស្ថិតក្នុងបេះដូងនៃសិស្ស និងប្រជាជនកម្ពុជាជារៀងរហូតមក ព្រោះថា ទិវានេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំទូទាំងពិភពលោក ក្នុងគោលបំណងរម្លឹកនូវគុណរបស់គ្រូបង្រៀនទាំងអស់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីបង្រៀនសិស្សគ្រប់រូប។

គ្រូបង្រៀន ​គឺជា​ឆ្អឹង​ខ្នង​នៃ​គុណភាព​អប់រំ និង​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស។ ការ​អប់រំ​ប្រកប​ដោយ​គុណភាព​ត្រូវ​ចាប់ផ្តើម​ពី​ គ្រូបង្រៀន​​ ដែលមានតួនាទីក្នុងការរួមចំណែកកសាងសិស្សានុសិស្សឱ្យក្លាយជា កូនល្អ សិស្សល្អ ពលរដ្ឋល្អ ដែលជាកម្លាំងចលករ នៃការអភិវឌ្ឍសង្គមជាតិមិនអាចខ្លះបាន។

ដើម្បីរម្លឹកដល់គុណគ្រូបង្រៀនទាំងអស់ ថ្ងៃនេះសារព័ត៌មានត្រយងសូមបង្ហាញជូនភាពយន្តចំនួន ៤ រឿង ដែលធ្វើឱ្យអ្នកទស្សនាទប់ទឹកភ្នែកមិនជប់ ហើយយំអាណិត នឹកដល់លោកគ្រូអ្នកគ្រូ៖

១-ភាពយន្ត «ទឹកចិត្តគ្រូបង្រៀន»

ភាពយន្តនេះកាលដើមឡើយគឺជារឿងដែលសរសេរជាសៀវភៅប្រលោមលោកមានចំណងជើងថា«ទឹកហូរឡើងភ្នំ»។ រឿងប្រលោមលោកនោះនិពន្ធដោយ លោកយឹម សំណាង ដែលបច្ចុប្បន្នលោករស់នៅខេត្តបន្ទាយមានជ័យ។ ដោយរឿងនេះមានអត្ថន័យល្អ បង្ហាញពីជីវិតតស៊ូនិងបញ្ជាក់ពីទឹកចិត្តគ្រូបង្រៀន រហូតដល់សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថមប្រាក់មួយចំនួនដល់អ្នកស្រីពាន់ ភួងបុប្ផា ដើម្បីរៀបចំដំឡើងរឿងនេះជាភាពយន្តវិញម្តង ដោយដូរចំណងជើងថា «ទឹកចិត្តគ្រូបង្រៀន»។ ទាំងសិស្ស និស្សិត មាតាបីតាសិស្ស អ្នកគ្រូបង្រៀន នៅពេលបានទស្សនាភាពយន្តនេះហើយ នរណាក៏ស្រស់ទឹកភ្នែកដែរ។ ភាពយន្តនេះផលិតនៅអំឡុងឆ្នាំ ២០០៧ ដែលចូលរួមសម្ដែងដោយ លោក ទេព រិន្ទដារ៉ូ អ្នកនាង ស្វែង សុជាតា អ្នកនាង សឿ សុធារ៉ា លោក ញ៉ែម សុគន្ធ ជាដើម។

២-ភាពយន្តខ្លី «នឹកគ្រូ»

អ្នកនាង ស្វែង សុជាតា ទទួលបានការលើកសរសើរខ្លាំងមែនទែន នៅពេលបានសម្ដែងភាពយន្តខ្លី «នឹកគ្រ» កាលពីឆ្នាំ ២០១៥។ ភាពយន្តក៏បានធ្វើឱ្យអ្នកទស្សនានឹករលឹកពីគុណូបការៈរបស់គ្រូបង្រៀនដែលបានលះបង់កាយចិត្តក្នុងការបង្រៀនសិស្ស និងចំពោះការស្រឡាញ់យកចិត្តទុកដាក់ចំពោះសិស្ស។ ចុងបញ្ចប់នៃសាច់រឿង គ្រប់គ្នាគឺស្រក់ទឹកភ្នែកតាមការសម្ដែងរបស់អ្នកនាង ស្វែង សុជាតា ព្រោះអារម្មណ៍ដែលនឹកគ្រូ គឺស្ដែងចេញមកភ្លាមៗតែម្ដង។

៣-ភាពយន្តជីវិត «ស្អប់គ្រូ»

ភាពយន្តមួយនេះមានលាតត្រដាងអំពីទឹកចិត្តរបស់គ្រូបង្រៀន ដែលធ្វើឱ្យអ្នកទស្សនាទប់ទឹកភ្នែកមិនជាប់ ។ ភាពយន្តនេះបានផលិតនៅឆ្នាំ ២០១៩ ដោយផលិតកម្មសាស្ត្រាហ្វីម ដែលរឿងនេះបានបង្ហាញពីការយល់ខុសរបស់សិស្សមួយចំនួនដែលកើតចិត្តស្អប់អ្នកគ្រូរបស់ពួកគេ ដែលតែងតែមានអត្តចរិតម៉ឺងម៉ាត់នៅក្នុងការបង្រៀន។ ពួកសិស្សតែងតែធ្វើទង្វើខុសឆ្គងផ្សេងៗបង្កឱ្យគ្រូមានរបួស ដូចជាដាក់ខ្ញែនៅលើកៅអី និងតុគ្រូ បន្ធូកង់ម៉ូតូ និងទង្វើមិនល្អជាច្រើនទៀត។ តែនាទីបញ្ចប់នៃសាច់រឿង សិស្សទាំងអស់ដឹងកំហុស និងដឹងគុណគ្រូរបស់ពួកគេ នៅពេលដែលពួកគេចាប់ផ្ដើមមានអនាគត់ល្អនៅក្នុងសង្គម។

៤-ភាពយន្តភាគ «លោកគ្រូខ្ញុំ»

ភាពយន្តភាគមួយនេះត្រូវបានផលិតឡើងដោយស្ថានីយទូរទស្សន៍ហង្សមាសក្នុងឆ្នាំ ២០២២នេះ ដើម្បីរម្លឹកដល់គុណគ្រូបង្រៀនដែលបានលះបង់ និងការពារសិស្សក្នុងសង្គមគ្រួសារ។ ចំពោះសាច់រឿងវិញ ក៏មិនសូវឃ្លាតឆ្ងាយពី ៣រឿងខាងលើនេះដែរ ព្រោះជាប្រភេទរឿងអប់រំដែលនិយាយពីទឹកចិត្តរបស់គ្រូបង្រៀន។ ភាពយន្តនេះមានការចូលរួមសម្ដែងដោយ លោក ញ៉ែម សុគន្ធ លោក យក់ ដួងតារា លោក ចាន់ វីសា កញ្ញា វ៉ាន់ សម្ផស្ស ជាដើម។

Share.