កូរ៉េខាងត្បូង និង យោធាអាមេរិកបានធ្វើសមយុទ្ធបាញ់មីស៊ីលជាការឆ្លើយតបទៅនឹងការបាញ់មីស៊ីលផ្លោងរំលងពីលើប្រទេសជប៉ុន ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានថ្កោលទោសការសាកល្បងរយៈចម្ងាយមធ្យមរបស់ទីក្រុងព្យុងយ៉ាងថាជា «គ្រោះថ្នាក់ ​និង គ្មានការប្រុងប្រយ័ត្ន»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី ០៥ ខែ តុលា ឆ្នាំ ២០២២។

កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យម IRBM ១គ្រាប់ហោះរំលងប្រទេសជប៉ុនជាលើកដំបូងបំផុតក្នុងរយៈពេល ៥ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៧ ដោយបានជំរុញឲ្យអាជ្ញាធរនៃប្រទេសជប៉ុនបានជំរុញឲ្យប្រជាជនការពារខ្លួន និង រត់រកកន្លែងមានសុវត្ថិភាព កាលពីថ្ងៃ អង្គារ សប្ដាហ៍នេះ។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយនាថ្ងៃ ពុធ នេះថា កងទ័ពកូរ៉េខាងត្បូង និង អាមេរិក បានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រជាការឆ្លើយតបវិញ ប៉ុន្ដែយោធាកូរ៉េខាងត្បូងក៏បានអះអាងដាច់ដោយឡែកផងដែរថា ការធ្វើតេស្ដមីស៊ីល ហ៊ីយុនមូន២ មួយគ្រាប់របស់ខ្លួន បានបរាជ័យ និង ធ្លាក់កំឡុងាការធ្វើតេស្ដដោយមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ។

ចំពោះការបាញ់មីស៊ីលហោះរំលងប្រទេសជប៉ុនដែលបង្កឡើងដោយកូរ៉េខាងជើង ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និង នាយករដ្ឋមន្រ្តីជប៉ុន ហ្វូមីអូ គីសស៊ីដា បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត។ ចំណែកឯសហភាពអឺរ៉ុបបានហៅវាថាជា «សកម្មភាពបង្កហេតុដោយចេតនា» ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អេនតូនីអូ ហ្គូតធឺរ៉េស បានថ្កោលទផសការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើង ហើយបានហៅវាថា «សកម្មភាពបង្កហេតុ និង ជាទង្វើបំពានដំណោះស្រាយក្រុមប្រឹក្សាសន្ដិសុខ UN»។

ជាមួយគ្នាសហរដ្ឋអាមេរិកបានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំស្ដីពីប្រទេសកូរ៉េខាងជើង នៅថ្ងៃ ពុធ សប្ដាហ៍នេះ ប៉ុន្ដែមន្រ្តីការទូតបាននិយាយថា ប្រទេសចិន និង រុស្ស៊ី បានជំទាស់នឹងការពិភាក្សាជាសាធារណៈនេះ៕

ប្រភព៖ CNA

Share.