ក្រសួងមហាផ្ទៃកម្ពុជាកំពុងយកចិត្តទុកដាក់លើកិច្ចការពារសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលអាស៊ាននាខែវិច្ឆិកាខាងមុខ។ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពីការត្រៀមការពារសុវត្ថិភាពកិច្ចប្រជុំកំពូលអាស៊ាន នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំកម្រិតនយោបាយនៃក្រសួងមហាផ្ទៃ រួមទាំងថ្នាក់ដឹកនាំកម្រិតបច្ចេកទេសនៃក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងនោះមាន ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងមន្រីជាន់ខ្ពស់មួយចំនួនទៀត។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តីបានរម្លឹកថាឆ្នាំនេះ គឺជាលើកទី៣ហើយដែលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ានប្ដូរវេន ហើយដែលកិច្ចប្រជុំលើកនេះក៏មិនខុសពីកិច្ចប្រជុំដែលកម្ពុជាធ្លាប់រៀបចំ និងបណ្ដាប្រទេសសមាជិកអាស៊ានបានរៀបចំជារៀងរាល់ឆ្នាំនោះដែរ គឺមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំអាស៊ាន និងបណ្ដាមេដឹកនាំបណ្ដាប្រទេសដៃគូអាស៊ានផ្សេងទៀត។

សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកកិច្ចប្រជុំអាស៊ាននេះថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត និងជាការផ្ដល់កិត្តិយសមួយទៀតដែរ សម្រាប់កម្ពុជាលើឆាកអន្តរជាតិ ដែលក្នុងនោះក៏ទាមទារឱ្យមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធានាសុវត្ថិភាពឱ្យបានល្អប្រសើរបំផុត និងដាច់ខាតសម្រាប់ថ្នាក់ដឹកនាំនានា ពិសេសគឺប្រធានប្រតិភូទាំងអស់ដែលនឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

សម្ដេចឧបនាយករដ្ឋមន្រ្តីបានបន្តថាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ាន និងតាមរយៈការប្ដេជ្ញាចិត្តអនុវត្តតួនាទី និងភារកិច្ចរបស់ក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្ដេចមានសេចក្ដីសង្ឃឹមជឿជាក់ថាកិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាប្រធាននាឆ្នាំនេះនឹងប្រព្រឹត្តទៅដោយជោគជ័យ។

ពាក់ព័ន្ធនឹងកិច្ចការពារសន្តិសុខបម្រើឱ្យកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះ សម្ដេចក្រឡាហោមស ខេង បានមានប្រសាន៍បញ្ជាក់ទៅកាន់អង្គប្រជុំថាឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋននគរបាលជាតិ គឺជាប្រធានគណៈកម្មការការពារសន្តិសុខ ដោយឯកឧត្តមបានរៀបចំនូវផែនការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពសម្រាប់កិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធនេះរួចជាស្រេច។

កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បាននិងកំពុងរៀបចំនៅកម្ពុជាចាប់ពីខែមករា ឆ្នាំ២០២២ រហូតដល់ខែធ្នូ​ ឆ្នាំ២០២២ ដោយមានកិច្ចប្រជុំសរុបប្រមាណ៥៤ ក្នុងនោះកិច្ចប្រជុំធំៗមាន២ គឺកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០កាលពីខែមេសាក្នុងក្របខ័ណ្ឌសមាជិកអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ រៀបចំក្នុងខែវិច្ឆិកាខាងមុខនេះរវាងប្រទេសសមាជិកអាស៊ានជាមួយបណ្ដាប្រទេសដៃគូ។

សូមបញ្ជាក់ថា មានគណៈប្រតិភូបរទេសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នៅកម្ពុជា ប្រមាណ២៨គណៈប្រតិភូ ដូចជាគណៈប្រតិភូប្រទេសសមាជិកអាស៊ានដោយមិនរាប់កម្ពុជា គណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន គណៈប្រតិភូដៃគូពិភាក្សាប្រមាណ១០គណៈប្រតិភូទៀត និងគណៈប្រតិភូដៃគូអភិវឌ្ឍន៍ រួមទាំងវិស័យផ្សេងៗប្រមាណ៨ទៀត៕

Share.