បុរសវ័យ៧០ឆ្នាំម្នាក់បានបាត់បង់ជីវិតនៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែកអ្នកបើកបរម៉ូតូបង្កបានរងរបួសធ្ងន់ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូម៉ាក xsenter គ្មានស្លាកលេខបើកមកបុកកង់ពីក្រោយ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧យប់ថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០២១នៅលើផ្លូវកៅស៊ូក្នុងភូមិចារឹក ឃុំស្យា ស្រុកកណ្ដៀងខេត្តពោធិ៍សាត់។

សមត្ថកិច្ចប្រាប់ឲ្យដឹងថាជនរង់គ្រោះដែលបានបាត់បង់ជីវិតមានឈ្មោះរស់ម៉ៅ ភេទប្រុសមានវ័យ ៧០ ឆ្នាំរស់នៅក្នុងភូមិអន្លង់វិលឃុំស្យាស្រុកកណ្ដៀង។ដោយឡែកបុរសអ្នកជិះម៉ូតូបានរងរងរបួសធ្ងន់ឈ្មោះឌុចណាត់ ភេទប្រុសអាយុ ២៥ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះជិះកង់តែម្នាក់ឯងក្នុងទិសដៅពីកើតមកលិចលុះមកដល់ចំណុចកើតហេតុស្រាប់តែម៉ូតូបង្កបើកបរក្នុងល្បឿនលឿនស្របទិសគ្នាមកបុកពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំងសង្ខាងត្រូវបានសាច់ញាតិនិងសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ជាអកុសលលោកតារងគ្រោះភាគីកង់បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ។ចំណែកភាគីខាងម៉ូតូបង្កកំពុងសម្រាកព្យាបាល។

ចំពោះវត្ថុតាងកង់ម៉ូតូសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្ដៀងដើម្បីរៀបចំបំពេញនីតិវិធីតាមច្បាប់៕

Share.