ភ្នំពេញ៖ភ្លៀងមួយមេធំលាយឡំនឹងខ្យល់កន្ត្រាក់នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២ បណ្ដាលឲ្យដើមឈើប្រាំមួយដើមដែលដាំអមសងខាងផ្លូវជាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បាក់ធ្លាក់សង្កត់លើកង់បីឥណ្ឌាមួយគ្រឿងរងការខូចខាតយ៉ាងដំណំនិងរងរបួសម្ចាស់កង់បីស្រាល។

ហេតុការណ៍នេះកើឡើង នៅត្រង់ចំណុចមុខខ្លោងទ្វារវត្តវិហារឃួន តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីជាប់របងអាកាសដ្ឋានអន្តរជាតិភ្នំពេញ ក្នុងសង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

ម្ចាស់កង់បីរងគ្រោះមានឈ្មោះ ហេង គឹមសាធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី មានស្រុកកំណើតនៅទីរួមខេត្តកំពង់ឆ្នាំងបើកកង់បីពណ៌ស ពាក់ស្លាកលេខកំពង់ឆ្នាំង1J.9327 ។

យោងតាមសម្ដីរៀបរាប់របរម្ចាស់កង់បីបានឲ្យដឹងថា ដំបូងឡើយខ្លួនបើកកង់បីតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិច មកកើត ក្នុងល្បឿនយឺតៗក្នុងពេលដែលមេឃកំពុងតែមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់និងមាន រន្ទះបាញ់ផងនោះស្រាប់តែមានដើមឈើ៦ដើមបានបាក់ មកស្របគ្នាមានដើមឈើមួយដើមបានបាក់ សង្កត់លើកង់បីរបស់គាត់ បណ្ដាលឲ្យគាត់ត្រូវក្បាលពកបន្តិចបន្តួច ចំណែកឯកង់បីវិញគឺរងការខូចខាតផ្នែកខាងលើយ៉ាងដំណំ។

ក្រោយពីកើតហេតុម្ចាស់កង់៣រងគ្រោះបានសំណូមពរដល់សាលារាជធានីភ្នំពេញជួយដោះស្រាយ នូវការខូចខាតនៃកង់បីរបស់គាត់ផងពីព្រោះកង់បីរបស់គាត់ទើបតែបង់រំលស់នៅពីរឆ្នាំទៀតបានដាច់នូវការបង់រំលស់នេះ៕

អត្ថបទ៖ត្រយងតូច

Share.