បន្ទាយមានជ័យ៖ ជិះទូកឆ្លងអូរព្រំដែនត្រូវលិចទូកស្លាប់ម្នាក់ ៣នាក់ទៀតបានហែលតោងមែកឈើរួចខ្លួន។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៣រសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅអូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិក្បាលកោះ សង្កាត់អូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

នាងរីរងគ្រោះ ឈ្មោះ ស្រី ថេង អាយុ១៧ឆ្នាំ មានលំនៅឋានក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មិត្តភក្តិដែលជិះទូកលេងជាមួយនារីរងគ្រោះបានឲ្យដឹងថា នៅពេលកើតហេតុរូបខ្លួន និងជនរងគ្រោះ រួមទាំងមិត្តភក្តិស្រីចំនួន២នាក់ទៀតបាននាំគ្នាខ្ចីទូកអ្នកស្រុកជិះលេងផង និងបម្រុងឆ្លងទៅយកឆ្នាំងសាកទូរសព្ទនៅផ្ទះនៅត្រើយម្ខាង។ពួកគេ នាំគ្នាចែវដល់ពាក់កណ្តាលអូរទូកជ្រាបចូលទឹក ហើយអ្នកជិះទូកភ័យផងនៅមិនស្ងៀមផង ក៏ក្រឡាប់ទូកធ្លាក់ស្លាប់ជនរងគ្រោះម្នាក់។ ចំណែកមិត្តភក្តិ៣នាក់ទៀតដែលរួមដំណើរជាមួយបានស្រវាតោងមែកឈើទាន់។

ក្រោយពេលកើតហេតុ ពួកគេបានស្រែកឲ្យអ្នកស្រុកជួយ និងមានការអន្តរាគមន៍ពីអាជ្ញាធរសមត្ថកិច្ចរយៈពេល ២ម៉ោងក្រោយកើតហេតុសពនារីរងគ្រោះត្រូវបានរាវរកឃើញ នៅក្នុងទឹកជម្រៅជាង២ម៉ែត្រ។ ក្រោយរាវរកឃើញសពត្រូវបានយកមកតម្កល់ នៅវត្តបាលិលេយ្យក្រុងប៉ោយប៉ែត ដើម្បីប្រគល់ឲ្យសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទនិងរូបភាព៖ប៉ោយប៉ែត

Share.