ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋប្រទះឃើញសត្វខ្ទីងឈ្មោលមួយក្បាលទម្ងន់ជាង១តោន នៅជាប់ផុងក្នុងអណ្តូងចាស់ ផ្អើលនាំគ្នាទៅជួយសង្គ្រោះដែរ តែជាអកុសល បានងាប់បាត់ទៅហើយ កាលពីវេលាម៉ោង១រសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅក្បែរដីចំការមួយកន្លែង ស្ថិតនៅចំណុចជប់ត្រកួន ក្នុងដែនភូមិសាស្រ្តព្រៃ សហគមន៍សាមគ្គីសង្គ្រោះព្រៃឈើ ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ប្រជាពលរដ្ឋប្រទះឃើញសត្វខ្ទីងឈ្មោលមួយក្បាល រត់ចូលភូមិអ្នកស្រុក ផ្អើលដេញវ័ធក្មេងៗ ហើយត្រូវបានអ្នកភូមិរួមទាំងប្រជាការពារ និងមន្រ្តីបរិស្ថាន ដែលនៅប្រចាំការនៅទីនោះ នាំគ្នាដេញបង្អើលឲ្យចូលទៅក្នុងព្រៃអភិរក្សគូរព្រហ្មទេព (ព្រៃស្អាក់) បាត់ទៅ ស្រាប់ តែដល់វេលាម៉ោង១រសៀលថ្ងៃដដែល បែរជាប្រទះឃើញសត្ចខ្ទីងឈ្មោលមួយក្បាលនោះ ជាប់ផុងក្នុង អណ្តូងចាស់ ដែលពលរដ្ឋជីកយកទឹកប្រើសម្រាប់ស្រោចស្រពចំការចេកយូរឆ្នាំមកហើយ ។

ក្រោយពីប្រទះឃើញសត្វខ្ទីងជាប់ផុងក្នុងអណ្តូង ពលរដ្ឋរាយការណ៍ និងមានសុំអន្តរាគមន៍ពីកម្លាំង កងរាជអាវុធហត្ថស្រុក នគរបាលស្រុក រដ្ឋបាលព្រៃឈើ បរិស្ថាន ប្រជាការពារ និងប្រជាពលរដ្ឋ ដើម្បីជួយសង្គ្រោះអូសសត្វខ្ទីងឈ្មោលមួយក្បាលនោះ ចេញពីរណ្តៅអណ្តូងចាស់ តែដោយសារទម្ងន់ជាង១តោន ទម្រាំគាស់យកចេញបាន ជាអកុសលបានងាប់បាត់ទៅហើយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.