ភ្នំពេញ ៖ រថយន្តទ្រុងដឹកអុីវ៉ាន់មួយគ្រឿង ដឹកផ្ទុកធ្ងន់ បើកលឿនជាន់ហ្វ្រាំងមិនជាប់ ជ្រុលបុកពីទទឹងរថយន្តព្រុស បណ្តាលឲ្យវិល៣ជុំរងខូចខាតខ្ទេចមួយចំហៀង បាក់កង់ក្រោយ តែមិនបង្កឲ្យមានអ្នករងរបួសនោះឡើយ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ជាប់អគ្គិសនីកម្ពុជា ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចដែលចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តទ្រុងដឹកអុីវ៉ាន់ ម៉ាក SONEN ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-5312 បើកពីកើតទៅលិច ដល់ចំណុចកើតហេតុ ដោយសាររថយន្តដឹកផ្ទុកធ្ងន់ ហ្វ្រាំងមិនជាប់ក៏ជ្រុលបុកពីទទឹងរថយន្តម៉ាកព្រុស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BK-7830 ដែលបើកពីត្បូងទៅជើង បណ្តាលឲ្យរថយន្តព្រុសវិល៣ជុំ ខ្ទាតទៅចិញ្ចើមផ្លូវម្ខាងទៀត រងខូចខាតខ្ទេចមួយចំហៀង បាក់កង់ក្រោយម្ខាង តែសំណាងល្អមិនបង្កឲ្យអ្នកណារងរបួស ។

ករណីគ្រោះថ្នាក់ចរាចរខាងលើ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ ឲ្យភាគីសងខាងនិយាយសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តដឹកអុីវ៉ាន់ អនុញាតិឲ្យហៅរកជាង ទៅពិនិត្យ វាយតម្លៃការខូចខាត អស់ប៉ុន្មាន នោះខាងភាគីរថយន្តទ្រុងចេញសងថ្លៃជួសជុល ដើម្បីបញ្ចប់រឿង ៕

អត្ថបទ៖តាតុង សែនជ័យ

Share.