កោះកុង ៖ បុរសជាអ្នកមើលថែចំការម្នាក់ ប្រទះឃើញដេកស្លាប់តាមផ្លូវ មានស្នាមរបួស ផុងលលាដ៍ បាក់ថ្កាម សង្ស័យជាករណីវាយប្លន់យកម៉ូតូ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង២រសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅលើផ្លូវលំចូលចំការ ចំណុចខ្សាច់សរ ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ ហុក សាង ភេទប្រុស អាយុ ៦៤ឆ្នាំ មុខរបរជាអ្នកចាំចំការ នៅក្នុងភូមិ ឃុំកើតហេតុ មានប្រពន្ធឈ្មោះ តែម សុវណ្ណ អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង ស្លាកស្នាមផុងលលាដ៍ បាក់ថ្កាម និងរយៈដៃ ។ សម្ភារៈបាត់បង់ ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1T- 6423 និងកាបូបដាក់លុយ ។

តាមការស្និដ្ឋាន ជនរងគ្រោះស្លាប់ដោយ សារជនដៃដល់វាយប្លន់យករបស់ទ្រព្យ ហើយសមត្ថកិច្ចប្រគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត និងបននតធ្វើការស្រាវជ្រាវ ៕

អត្ថបទ៖​តាតុង​សេនជ័យ

Share.