ក្រោយបញ្ចប់កាតព្វកិច្ចបំរើទ័ព តួឯកប្រុសញញឹមស្រស់ Jang Geun Suk ដែលប្រិយមិត្តទស្សនិកជនស្គាល់យ៉ាងច្បាស់តាមរយៈភាពយន្តភាគ «ផ្ដើមស្នេហ៍ក្រោមដំណក់ទឹកភ្លៀង» បានផ្ដល់បទសម្ភាសជាមួយនឹងសារព័ត៌មាន Yahoo! News ដោយគេបានបង្ហើបឱ្យដឹងថាអាការៈនៃជំងឺ Bipolar ធ្វើឱ្យបំរើទ័ពដោយបំពេញតួនាទីការងារផ្នែកសង្គមកិច្ច ជំនួសឱ្យការចូលបំរើទ័ពក្នុងក្រុមជាកងទាហានប្រចាំការ។

Jang Geun Suk បានប្រាប់ឱ្យដឹងថារូបគេចាប់ផ្ដើមមានជំងឺ Bipolar ចាប់តាំងពីឆ្នាំ២០១១មក ដែលកាលនោះគេអាចធ្វើតាមក្ដីសុបិនគឺការសម្ដែងទោលនៅ Tokyo Dome ព្រោះនោះគឺជាក្ដីសុបិនតាំងពីថ្នាក់មធ្យមសិក្សារបស់ខ្លួន តែស្អែកឡើងគេស្រាប់តែមានអារម្មណ៍ទទេស្អាត ហើយគ្មានទំនុកចិត្តចំពោះអនាគត។
តួឯកប្រុសដ៏ល្បីរូបនេះបានបន្តទៀតថា រូបគេមិនដែលប្រាប់ពីបញ្ហាលំបាករបស់ខ្លួនជាសាធារណៈទេ ព្រោះគេមិនចង់ឱ្យអ្នកណាដឹង ព្រោះខ្លាចថារូបគេធ្វើឱ្យអ្នកដទៃកង្វល់ជាមួយនឹងបញ្ហារបស់ខ្លួន។ គេថែមទាំងប្រាប់ទៀតថានៅពេលដែលផលិតកម្មគ្រប់គ្រងខ្លួនប្រកាសពីជំងឺដែលគេកំពុងជួបប្រទះ គេមានក្ដីកង្វល់យ៉ាងខ្លាំង ហើយកាលណោះរូបគេក៏កំពុងស្ថិតក្នុងរយៈពេលដ៏លំបាកមួយផងដែរ។
ទោះជាយ៉ាងណាក្ដី Jang Geun Suk បានបង្ហើបឱ្យដឹងថាអារម្មណ៍របស់គេចាប់ផ្ដើមផ្លាស់ប្ដូរ នៅពេលគេបានចូលកងទ័ព គេប្រាប់ទៀតថាពេលវេលាក្នុងកងទ័ពគឺជាពេលវេលាដែលមានគុណភាពបំផុតមួយក្នុងជីវិតរបស់គេ។

«ខ្ញុំត្រូវបោសសំអាតនិងលាងចាន ហើយមានម្ដងនោះខ្ញុំត្រូវធ្វើកង្ហាររហូតដល់៥០គ្រឿង ពេលមានមនុស្សហៅខ្ញុំទៅជួសជុលទូរស័ព្ទ ខ្ញុំក៏ប្រញាប់ទទួលហើយរត់ទៅមើលភ្លាម មិនថាមានអ្វីកើតឡើងក៏ដោយ ពេលវេលានោះគឺជាពេលវេលាដែលខុសប្លែកពីការងាររបស់ខ្ញុំធ្លាប់បានធ្វើជិត៣០ឆ្នាំ ខ្ញុំចាប់ផ្ដើមដឹងថានៅលើពិភពលោកនេះមានអ្វីជាច្រើនយ៉ាងពេលខ្ញុំចូលមកក្នុងកងទ័ព ខ្ញុំចាប់ផ្ដើមដឹងថាក្នុងការសម្រេចចិត្តមិនមានមាត្រដ្ឋានអ្វីកំណត់បាននោះទេ ចិត្តខ្ញុំចាប់ផ្ដើមស្ងប់ជាងមុន ចំណែកអារម្មណ៍របស់ខ្ញុំក៏ចាប់ផ្ដើមល្អជាងមុនដូចគ្នា»។
Jang Geun Suk បានប្រាប់ផងដែរថាគេចង់បង្ហាញសមត្ថភាពធ្វើម្ហូបឱ្យអ្នកគាំទ្របានឃើញ ជាពិសេសគេចង់ត្រលប់មកសម្ដែងភាពយន្តលក្ខណៈរ៉ូមែនទិចមនោសញ្ចេតនា៕
