លោក Joko Widodo ប្រធានាធិបតី​របស់​ប្រទេស​ឥណ្ឌូនេស៊ី បាន​​ស្នើសុំ​ឱ្យ​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) ជួយ​​រៀបចំ​ផ្នែក​ការ​គ្រប់គ្រង​បាល់ទាត់​ក្នុង​ប្រទេស​ខ្លួន ក្រោយ​​​មាន​​ឧបទ្ទវហេតុ​​ស្លាប់​មនុស្ស​អស់​ប្រមាណ​១៧៤នាក់ កាល​ពី​ពេល​ថ្មីៗនេះ។

លោកប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo

សារព័ត៌មាន​ក្នុង​ស្រុក​ឥណ្ឌូណេស៊ី បាន​បញ្ជាក់​ថា​លោក Joko Widodo បាន​ទូរស័ព្ទ​ទៅ​កាន់​ប្រធាន​បាល់ទាត់​ FIFA លោក Gianni Infantino ដោយ​ផ្ទាល់ កាល​ពី​ថ្ងៃ​ចន្ទ ថ្មីៗនេះ​ដើម្បី​ជួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​លើ​វិស័យ​បាល់​ក្នុង​ប្រទេស​របស់​ខ្លួន​។

«គាត់​និយាយ​ថា​បើ​ត្រូវការ FIFA អាច​ជួយ​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​បាល់ទាត់​របស់​ឥណ្ឌូណេស៊ី»។ លោក​ប្រធានាធិបតី​បាន​លើក​ឡើង​ពី​សម្តី​របស់​លោក Gianni Infantino និយាយ​ជាមួយ​លោក។

លោកប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo ចុះ​សួរសុខទុក្ខជនរងគ្រោះ

បើ​តាម​សារព័ត៌មាន snt បាន​វាយ​តម្លៃ​ថា​​កីឡា​បាល់ទាត់​ជា​ប្រភេទ​កីឡា​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ប្រមាណ​២៧០លាន​នាក់​នេះ​ ប៉ុន្តែ​គេ​សម្លឹង​ឃើញ​ថា​​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ទាំង​ការ​​បោក​បញ្ជោត ការ​បង្ក្រាប​ធ្ងន់ដៃ​ពី​​កង​ការពារ និង​​ការ​គ្រប់គ្រង​​ការ​ប្រកួត​មិន​បាន​ត្រឹមត្រូវ ជាដើម។

ក្នុង​សំនួរ​ថា​តើ FIFA នឹង​ដាក់​ពិន័យ​លើ​ឧបទ្ទវហេតុ​​​សម្លាប់​មនុស្ស​ប្រមាណ​១៧៤នាក់​ ដល់​ប្រទេស​ឥណ្ឌូណេស៊ី ដែរ​ឬទេ? លោក​ប្រធានធិបតី​ថា បញ្ហា​នេះ​​គឺ​ FIFA ពិភាក្សា​ផ្ទៃ​ក្នុង​សិន។ ប៉ុន្តែ FIFA បាន​ហៅ​ថា​នេះ​ជា «ឧបទ្ទវហេតុ​លើស​ពី​ការ​រំពឹង​ទុក»។

យ៉ាងណាក្តី FIFA មិន​បាន​ឆ្លើយ​នឹង​សំនួរ​របស់​សារព័ត៌មាន Reuters នោះ​ទេ ពី​បញ្ហា​នេះ។ ប៉ុន្តែ​សារព័ត៌មាន​នេះ​បាន​បញ្ជាក់​ថា​​ប្រទេសឥណ្ឌូណេស៊ី បាន​បង្កើត​ក្រុម​សើបអង្កេត​ និង​ស្វែង​រក​ការ​ពិត ដែល​រួម​មាន​អ្នក​ជំនាញ​បាល់ទាត់ និង​មន្ត្រី​មក​ពី​ក្រសួង​ពាក់ព័ន្ធ​ ដើម្បី​ស្វែង​រក​ជនដៃដល់​។ បច្ចុប្បន្ន​ប៉ូលិស​​ឥណ្ឌូណេស៊ី កំពុង​ស៊ើប​អង្កេត​មន្ត្រី​របស់​ខ្លួន​រាប់​សិប​នាក់​លើ​ការ​បំពាន​ក្រមសីលធម៌​ ខណៈ​ជា​បឋម​បាន​ព្យួរ​ការងារ​ចំនួន​៩ នាក់ ជា​បណ្ដោះអាសន្ន។

សូម​បញ្ជាក់​ថា​គ្រោះមហន្តរាយ​បាល់ទាត់​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ ដ៏​អាក្រក់​បំផុត​មួយ​របស់​ពិភពលោក ដែល​បាន​សម្លាប់យ៉ាងហោចណាស់ ១៧៤ និង​មាន​អ្នក​រង​របួស​ជាច្រើន​រយ​នាក់ បន្ទាប់​ពី​ពួក​គេ​ព្យាយាម​រត់​ចូល​ទីលាន​ប្រកួត ខណៈ​កម្លាំង​ការពារ​បាន​ព្យាយាម​បង្ក្រាប ហើយ​ឈាន​ដល់​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក បំបែក​អ្នក​គាំទ្រ​ចេញ​ពី​ទីលាន បណ្តា​ឱ្យ​មាន​ការ​រត់ជាន់​គ្នា​ស្លាប់​តែ​ម្តង។ ​

អត្ថបទពាក់ព័ន្ធ៖វីដេអូ​អ្នក​គាំទ្រ​នៅ​ឥណ្ឌូណេស៊ី ធ្វើ​ពិធី​កាន់​ទុក្ខ​ទាំង​យប់​នៅ​កីឡដ្ឋាន​ដែល​មាន​អ្នក​ស្លា.ប់​១៧៤នាក់

​កីឡដ្ឋាន ​Stadion Kanjuruhan ក្នុង​ទីក្រុង​ Malang ជា​ទីកន្លែង​សោកនាដកម្ម​មួយ​នេះ ក្រោយ​ពី​ការ​ប្រកួត​​ក្នុង​ពានរង្វាន់ Liga 1 របស់​ឥណ្ឌូណេស៊ី កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍ ទី១ ខែ​តុលា ឆ្នាំ​២០២២ កន្លង​ទៅ​រវាង​ក្រុម​ម្ចាស់​ផ្ទះ​​Arema FC ទល់នឹង Persebaya Surabaya៕

អត្ថបទ៖ស៊ុន ផានុក

Share.