តាមវីដេអូដែលអ្នកនាង ខ្ញុង បានចេញមកបង្ហោះនាពេលថ្មីៗនេះបានឱ្យដឹងថា ស្របពេលកំពុង Live លក់ត្រីងៀតដាច់ច្រើនគួរសម និងមានការគាំទ្រពីអតិថិជនច្រើនផងនោះ ក៏ស្រាប់តែមានជនខិលខូចបង្កើតគណនីយហ្វេសប៊ុកដោយដាក់ឈ្មោះអ្នកនាង និងបានបន្លំផ្ញើសារឆ្លើយឆ្លងជាមួយអតិថិជនទិញត្រីងៀតនៅក្នុងហ្វេសប៊ុក។ ករណីនេះបានធ្វើឱ្យអ្នកនាង ខ្ញុង ក្ដៅស្លឹកត្រចៀកខ្លាំងមែនទែន។

អ្នកនាង ខ្ញុង បាននិយាយនៅក្នុងវីដេអូរបស់ខ្លួនថា នាងបានឃើញគណនីហ្វេសប៊ុកបានដាក់ឈ្មោះថា «ស្រីខ្ញុងលក់ត្រីងៀត» កំពុងតែឆែតឆ្លើយឆ្លងជាមួយភ្ញៀវរបស់អ្នកនាង ដោយឆ្លើយតបនូវតម្លៃនៃការលក់ប្រាប់អតិថិជន។ ការដែលអ្នកនាងមុខមកនៅថ្ងៃនេះ គឺចង់បញ្ជាក់ថា ហ្វេសប៊ុករបស់អ្នកនាងផ្ទាល់គឺមិនឆ្លើយតបជាមួយអ្នកទិញទេ លុះត្រាតែភ្ញៀវឆែតមកហ្វេសប៊ុកផេកផ្ទាល់ ឬខលមកលេខទូរស័ព្ទដៃរបស់អ្នកនាងផ្ទាល់។

អ្នកនាង ខ្ញុង ក៏បានបញ្ចាក់ទៀតថា អ្នកដែលឆាតទៅប្រាប់ឱ្យផ្ញើលុយ ឬទារលុយថ្លៃត្រីងៀតដោយបន្លំខ្លួននោះ គឺជា ចោរ ព្រោះក្រុមការងារអ្នកនាងមិនឆ្លើយតប ឬបញ្ជាក់តម្លៃជាមួយភ្ញៀវនៅពេលដែលអ្នកនាង Live ចប់ឡើយ។

សូមជម្រាបផងដែរ សព្វថ្ងៃនេះគេឃើញអ្នកនាង ខ្ញុង មានសកម្មភាព Live លក់ត្រីងៀត ប្រហុកផ្អក សាច់ក្រក នៅលើហ្វេសប៊ុកច្រើនជាងសកម្មភាពសិល្បៈ។ ចំពោះបញ្ហាបំណុលរបស់អ្នកនាង នៅមិនទាន់មានការបញ្ជាក់ថាបានសងអស់ត្រឹមកម្រិតណានោះទេ។ ត្រយងនឹងព្យាយាមសុំការសម្ភាសន៍បន្ថែមពីអ្នកនាង ខ្ញុង ជម្រាបជូនប្រិយមិត្តនាពេលខាងមុខនេះ។

Share.