ភ្នំពេញ ៖ ជាងផ្សារដែកម្នាក់ឆក់ចរន្តភ្លើងស្លាប់ ទោះជាក្រុមគ្រួសារ ព្យាយាមយកជនរងគ្រោះកប់ដីខ្សាច់យ៉ាង ណាក្តី មិនអាចសង្គ្រោះបាន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ថូ ផាត់យុត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅកន្លែងកើតហេតុ បានស្រុកកំណើតភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ មានរថយន្តកូរ៉េដឹកអេតចាយមួយគ្រឿង បើកយកទៅឲ្យជនរងគ្រោះផ្សារទ្រុង ខណៈដែលជនរងគ្រោះ អូសខ្សែព្រីភ្លើង ផ្សារទ្រុងរថយន្ត ស្រាប់តែឆ្លងចរន្តភ្លើងឆក់បណ្តាលដួល រងរបួសធ្ងន់ សន្លប់ស្តូកស្តឹង ភ្លាមៗត្រូវបានក្រុមគ្រួសារ នាំគ្នាលើជនរងគ្រោះទៅកប់ដីខ្សាច់ ហើយត្រូវបានរថយន្តគ្លីនិកឯកជនទៅដល់ បម្រុងលើកដឹកយកទៅសង្គ្រោះ ជាអកុសល បានស្លាប់បាត់ជីវិត ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ ឃើញថាស្លាប់ដោយសារការធ្វេសប្រហែសខ្លួនឯង រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

អត្ថបទ៖តាតុង សែនជ័យ

Share.