ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ឡើងទៅលើស្ពានជ្រោយចង្វារ ទុកដាក់សម្ភារៈ ដោះស្បែកជើង រួចលោតទឹកសម្លាប់ខ្លួន លិចបាត់ទៅក្នុងទឹក បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នៅលើស្ពានជ្រោយចង្វារចាស់ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

យោតាមរយៈសម្ភារៈ កាតចាក់វ៉ាក់សាំង ដែលនារីខាងលើបន្សល់ទុកលើស្ពាន ត្រូវបានស្គាល់ឈ្មោះ ចេង ស្រីណេត ជាកម្មការីនីកាត់ដេរ ផ្នែកវេចខ្ចប់នៅក្រុមហ៊ុន ហុង អ៊ីន ស៊ីងហ៊ែប៊ែក(ខេមបូឌា)ហ្វេកធើរី ។ សម្ភារៈបន្សល់ទុកស្បែកជើង តុក្កតា និងកាបូបដែលមានទូរស័ព្ទ ព្រមទាំងសម្ភារៈមួយចំនួន ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ គេឃើញនារីខាងលើឡើងទៅលើស្ពានជ្រោយចង្វារចាស់ គ្រាន់តែទុកដាក់សម្ភារៈហើយ លោតចុះទៅក្នុងទឹកលិចបាត់ មិនដឹងថា កើតមានបញ្ហាអ្វី បានជាសម្រេចចិត្តបញ្ចប់ជីវិតបែបនេះ ។
ក្រោយពីនារីរងគ្រោះលោតចុះលិចបាត់ ទើបផ្អើលឆោឡោ សមត្ថកិច្ចទៅ បានត្រឹមប្រមូលសម្ភារៈយកទៅរក្សាទុកនៅប៉ុស្តិ៍ជ្រោយចង្វារ និងប្រកាសស្វែងរកសាច់ញាតិ បងប្អូនណាបាត់សមាជិកគ្រួសារ មិត្តភ័ក្រ សង្សារ សង្ស័យទៅសាកសួរនៅប៉ុស្តិ៍ជ្រោយចង្វារ ៕

អត្ថបទ៖ តាតុង សេនជ័យ

Share.